សហរដ្ឋអាមេរិក អនុម័តការលក់យន្ដហោះល្បាត និងមីស៊ីលទំហំ ២.៣ពាន់លានដុល្លារឱ្យសិង្ហបុរី (Video inside)
21-01-2026 02:06
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី២០ ខែមករា បានប្រកាសពីការអនុម័តការលក់យន្ដហោះល្បាតសមុទ្រ P-8A មីស៊ីល torpedoes និងបរិក្ខារពាក់ព័ន្ធគិតជាទឹកប្រាក់ ២.៣ពាន់លានដុល្លារទៅឱ្យសិង្ហបុរី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិ (DSCA) បានឱ្យដឹងថាការអនុម័តការលក់អាវុធខាងលើនឹងជួយធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់សិង្ហបុរី ដើម្បីទប់ទល់នឹងការគំរាមបច្ចុប្បន្ន និងនៅពេលអនាគត ជាមួយការផ្ដល់ឱ្យកងកម្លាំងសមុទ្រនូវសមត្ថភាពដ៏គួរឱ្យជឿជាក់បានដើម្បីកំញើញសត្រូវ។ DSCA បន្ថែមថាការលក់អាវុធខាងលើ ក៏នឹងជួយពង្រឹងផលប្រយោជន៍គោលនយោបាយការបទេស និងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកផងដែរ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវសន្តិសុខរបស់ប្រទេសជាដៃគូយុទ្ធសាស្ត្រមួយ ដែលជាកម្លាំងដ៏សំខាន់សម្រាប់ស្ថិរភាពនយោបាយ និងការរីកចម្រើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ី។
គួរបញ្ជាក់ថា ក្រសួងការបរទេសអាមេរិកបានអនុម័តការលក់អាវុធឱ្យសិង្ហបុរី ហើយ DSCA ក៏បានជូនដំណឹងរួចហើយដែរទៅកាន់សភាទាំង២របស់សហរដ្ឋអាមេរិកដើម្បីស្នើសុំការអនុម័ត។
កាលពីខែកញ្ញា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរី លោក Chan Chun Sing បានឱ្យដឹងថាសិង្ហបុរីនឹងទិញយន្ដហោះល្បាតសមុទ្រ P-8A ៤គ្រឿងពីក្រុមហ៊ុន Boeing ដើម្បីពង្រឹងសមត្ថភាពការពារសន្តិសុខសមុទ្រ។ លោក Chan បានជូនដំណឹងទៅកាន់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth អំឡុងកិច្ចប្រជុំនៅឯមន្ទីរបញ្ចកោណកាលពីថ្ងៃទី១០ ខែកញ្ញា៕






