លោក ត្រាំ កំពុងពិចារណារកតំណែងឱ្យលោកស្រី Machado នៅវ៉េណេស៊ុយអេឡា (Video inside)
21-01-2026 02:51
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី២០ ខែមករា បាននិយាយថារូបលោកកំពុងពិចារណាលើមុខតំណែងនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា សម្រាប់មេដឹកនាំគណបក្សប្រឆាំង លោកស្រី Maria Corina Machado តែមិនបានបង្ហើបឱ្យដឹងថាជាតំណែងអ្វីនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការអត្ថាធិប្បាយបែបនេះរបស់លោក ត្រាំ គឺជាការផ្លាស់ប្ដូរទស្សនៈយល់ឃើញមួយ បន្ទាប់ពីរូបលោកផ្ទាល់បានបង្ហាញការសង្ស័យចំពោះសមត្ថភាព និងប្រជាប្រិយភាពរបស់លោកស្រី Machado នៅក្នុងការដឹកនាំវ៉េណេស៊ុយអេឡា ក្រោយសហរដ្ឋអាមេរិកចាប់ខ្លួនអតីតប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូយកទៅកាត់ទោសនៅសហរដ្ឋអាមេរិកកាលពីដើមខែមករាកន្លងទៅនេះ។ កាលពីឆ្នាំ២០២៤ គណបក្សរបស់លោកស្រី Machado បានអះអាងថាខ្លួនទទួលបានសន្លឹកឆ្នោត ៧០ភាគរយក្នុងការបោះឆ្នោតប្រធានាធិបតី។ ការកត់សម្គាល់ខាងលើរបស់លោក ត្រាំ ទៀតសោត ធ្វើឡើងបន្ទាប់ពី លោកស្រី Machado បានប្រគល់ពានរង្វាន់ណូបែលសន្តិភាពរបស់លោកស្រីទៅឱ្យរូបលោក។
យ៉ាងណាក៏ដោយ លោក ត្រាំ បានបញ្ជាក់ថាបច្ចុប្បន្ន រដ្ឋបាលរបស់លោកកំពុងធ្វើការយ៉ាងរលូនជាមួយរដ្ឋាភិបាលរបស់ប្រធានាធិបតីស្ដីទីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez។ លោក ត្រាំ ក៏បាននិយាយដែរថាពីមុនលោកមិនចូលចិត្តវ៉េណេស៊ុយអេឡាសោះ តែឥលូវលោកពិតជាស្រឡាញ់វ៉េណេស៊ុយអេឡា៕





