ប្រធានាធិបតីកូរ៉េខាងត្បូង៖ កូរ៉េខាងជើងមានសារធាតុនុយក្លេអ៊ែរគ្រប់គ្រាន់ អាចផលិតគ្រាប់បែកនុយក្លេអ៊ែរពី១០ ទៅ២០គ្រាប់ ក្នុងមួយឆ្នាំ

21-01-2026 10:54

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នៅថ្ងៃពុធ ទី២១ ខែមករា បាននិយាយថាកូរ៉េខាងជើងកំពុងផលិតសារធាតុនុយក្លេអ៊ែរដែលគ្រប់គ្រាន់អាចផលិត គ្រាប់បែកនុយក្លេអ៊ែរពី១០ ទៅ២០គ្រាប់ ក្នុងមួយឆ្នាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅឯសន្និសីទសារព័ត៌មានឆ្នាំថ្មី លោក Lee បានសង្កត់ធ្ងន់ថាកូរ៉េខាងជើងកំពុងបន្តអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលរយ​ៈចម្ងាយឆ្ងាយ និងអន្តរទ្វីប ICBM ដែលមានសមត្ថភាពបាញ់ដល់ សហរដ្ឋអាមេរិក។ តាមលោក Lee សមត្ថភាពមីស៊ីល ICBM របស់កូរ៉េខាងជើងមិនត្រឹមតែគំរាមកំហែងដល់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ តែក៏គំរាមកំហែងដល់ពិភពលោកទាំងមូលផងដែរ ដូច្នេះគេត្រូវការវិធីសាស្ត្រប្រាកដនិយមមួយដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង។

គួរបញ្ជាក់ថា ចាប់តាំងឡើងស្បថចូលកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងកាលពីខែមិថុនា ឆ្នាំមុនមក លោក Lee Jae Myung បានជំរុញឱ្យមានកិច្ចសន្ទនាជាមួយកូរ៉េខាងជើង ដោយមិនមានការដាក់លក្ខខណ្ឌជាមុននោះទេ។ ប៉ុន្តែទីក្រុងព្យុងយ៉ាងមិនបានឆ្លើយតបទៅនឹងការបោះដៃរបស់លោក Lee នៅឡើយទេ៕