យន្ដហោះ Air Force One របស់លោក ត្រាំ បកក្បាលត្រឡប់ទៅកាន់មូលដ្ឋានទ័ពអាកាស ក្រោយមានបញ្ហាប្រព័ន្ធអគ្គីសនីតិចតួច (Video inside)
20-01-2026 21:16
(វ៉ាស៊ីនតោន)៖ សេតវិមាន បានឱ្យដឹងថាយន្ដហោះ Air Force One របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានបង្ខំចិត្តហោះត្រឡប់ទៅកាន់មូលដ្ឋានទ័ពអាកាសមួយ កាលពីថ្ងៃអង្គារ ទី២០ ខែមករា ដោយសារតែមានបញ្ហាប្រព័ន្ធអគ្គិសនីបន្តិចបន្តួច មួយសន្ទុះខ្លីក្រោយហោះចាកចេញដំណើរឆ្ពោះទៅកាន់ប្រទេសស្វីស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។
តាមអ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt យន្ដហោះ Air Force One បានធ្វើដំណើរបកក្រោយត្រឡប់ទៅកាន់មូលដ្ឋានទ័ពអាកាស Joint Base Andrews ក្រោមវិធានការបង្ការការពារ។
លោកស្រីបានបន្ថែមថាលោក ត្រាំ នឹងត្រូវប្ដូរទៅជិះយន្ដហោះថ្មីដើម្បីបន្តធ្វើដំណើរទៅកាន់ទីក្រុង Davos ប្រទេសស្វីសជាទីដែលលោកនឹងត្រូវចូលរួម ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក៕






