ម៉ិកស៉ិក ប្រគល់ឧក្រិដ្ឋជនគ្រឿងញៀនបន្ថែមទៀត ទៅឱ្យសហរដ្ឋអាមេរិក (Video inside)

21-01-2026 04:52

(ម៉ិកស៉ីកូ)៖ ម៉ិកស៉ិក បានប្រគល់ជនសង្ស័យចំនួន ៣៧នាក់នៃក្រុមឧក្រិដ្ឋកម្មគ្រឿងញៀន cartel ទៅឱ្យសហរដ្ឋអាមេរិក ដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ លើកជាមូលហេតុគំរាមវាយប្រហារ ប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន នៅក្នុងប្រទេសអាមេរិកខាងជើងមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ ២០២៦។

មន្រ្តីទីភ្នាក់ងារសន្តិសុខសាធារណៈរបស់ប្រទេសម៉ិកស៉ិក លោក Omar Garcia Harfuch បានឱ្យដឹងថា ក្រុមដែលត្រូវបណ្តេញចេញនាពេលថ្មីនេះ មិនប្រថុយនឹងការកាត់ទោសប្រហារជីវិតនៅក្នុងសហរដ្ឋអាមេរិក ក្រោមកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៉ីនតោននោះទេ។ លោកបន្ថែមថា ពួកគេត្រូវបានបញ្ជូនទៅទីក្រុងវ៉ាស៉ីនតោន ញូវយ៉ក ផេនស៉ីលវ៉ានៀ សាន់អង់តូនីញ៉ូ និងសាន់ឌីហ្គោ តាមយន្តហោះយោធា ៨គ្រឿង។ ក្នុងចំណោមនោះមានឧក្រិដ្ឋជនម្នាក់ឈ្មោះ Pedro Inzunza Noriega ដែលអាមេរិកចង់ចាប់ និងបានចោទប្រកាន់យូមកហើយពីបទជួញដូរគ្រឿងញៀន។

គួរបញ្ជាក់ថា ចំណាត់ការនេះកើតមានឡើងជាងមួយសប្តាហ៍ បន្ទាប់ពីប្រធានាធិបតីម៉ិកស៉ិក លោកស្រី Claudia Sheinbaum ពិភាក្សាពីបញ្ហាសន្តិសុខជាមួយលោក ត្រាំ។ រដ្ឋាភិបាល​ម៉ិកស៉ិក​និយាយ​ថា ​វា​ជា​ការ​ប្រគល់​លើក​ទី​ ៣ក្នុង​រយៈពេល​ប្រហែល​ ១ឆ្នាំ ​ដោយសរុបទាំងអស់គឺចំនួន​ ៩២នាក់៕