ឃាតកបាញ់សម្លាប់អតីតនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត (Video inside)

20-01-2026 15:04

(តូក្យូ)៖ បុរសជាខ្មាន់កាំភ្លើង ដែលរងការចោទប្រកាន់ពីបទធ្វើឃាត អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe នាថ្ងៃពុធនេះ ត្រូវបានតុលាការសម្រេចផ្តន្ទាទោស ឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦។

ការប្រកាសសាលក្រមខាងលើនេះ ត្រូវបានធ្វើឡើងនៅតុលាការក្នុងទីក្រុង Nara បន្ទាប់ពីករណីឃាតកម្ម ដែលបានធ្វើឱ្យ​ភ្ញាក់ផ្អើលពេញពិភពលោក កាលពីជាង៣ឆ្នាំមុន។ បុគ្គលឈ្មោះ Tetsuya Yamagami បច្ចុប្បន្នអាយុ៤៥ឆ្នាំ ត្រូវបានចាប់ខ្លួននៅនឹងកន្លែងផ្ទាល់ កាលពីខែកក្កដា ឆ្នាំ២០២២ ក្រោយធ្វើសកម្មភាពបាញ់ប្រហារលើ លោក Abe ជាមួយកាំភ្លើងកែច្នៃ អំឡុងពេល​លោកអតីតនាយករដ្ឋមន្រ្តីជប៉ុន កំពុងឈរថ្លែងសារយុទ្ធនាការបោះឆ្នោត នៅទីក្រុង Nara។ លោក Abe ពេលនោះ មានអាយុ៦៥ឆ្នាំ។

គួរបញ្ជាក់ថា ពេលនោះ ទោះបីលែងជាមេដឹកនាំជប៉ុនក៏ដោយ លោក Abe នៅបន្តជាបុគ្គលដ៏មានឥទ្ធិពលនិងសំខាន់ខ្លាំងមួយរូប ក្នុងជួរ​គណបក្សកាន់អំណាច LDP។ លោក Abe បានកាន់តួនាទីជានាយករដ្ឋមន្រ្តី រយៈពេលសរុប៣១៨៨ថ្ងៃ អំឡុង២អាណត្តិដាច់ដោយឡែកពីគ្នា ហើយបានលាលែងកាលពីខែកញ្ញា ឆ្នាំ២០២០ ដោយសារហេតុផលបញ្ហាសុខភាព។ ឥឡូវនេះ លោកស្រី Sanae Takaichi ដែលគេស្គាល់ថាជាកូនសិស្សរបស់លោក កំពុងដឹកនាំប្រទេសជប៉ុន និងបក្ស LDP ប៉ុន្តែសមត្ថភាពរក្សាអំណាចរបស់បក្ស បានថយចុះខ្លាំង ចាប់តាំងពីលែងមានរូបលោក៕