អាមេរិក រឹបអូសកប៉ាល់ដឹកប្រេងទី៧ នៅសមុទ្រ Caribbean ដែលពាក់ព័ន្ធវ៉េណេស៊ុយអេឡា (Video inside)
20-01-2026 23:26
(វ៉ាស៉ីនតោន)៖ នាថ្ងៃអង្គារ ទី២០ ខែមករា សហរដ្ឋអាមេរិក បានប្រកាសថា កងកម្លាំងយោធារបស់ខ្លួន បានរឹបអូសកប៉ាល់ដឹកប្រេង ១គ្រឿងទៀត នៅតំបន់សមុទ្រ Caribbean ខណៈវាគឺជាកប៉ាល់ទី៧ ដែលត្រូវបានរឹបអូស ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសចំណាត់ការបិទខ្ទប់ ដើម្បីរារាំងកប៉ាល់ដឹកប្រេងទាំងឡាយដែលជាប់ទណ្ឌកម្ម កុំឱ្យចេញឬចូលប្រទេសវ៉េណេស៊ុយអេឡា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
យោធាអាមេរិកបាននិយាយថា កប៉ាល់ខាងលើឈ្មោះ Sagitta បានធ្វើប្រតិបត្តិការល្មើសនឹងវិធានការបិទខ្ទប់កប៉ាល់ជាប់ទណ្ឌកម្ម ដែលដាក់ចេញដោយលោកប្រធានាធិបតី ត្រាំហើយវាត្រូវបានរឹបអូសដោយពុំមានឧប្បត្តិហេតុឡើយ។ យោធាអាមេរិក បានបន្ថែមថា ប្រេងដែលអាចចាកចេញពីវ៉េណេស៊ុយអេឡា គឺជាប្រេងដែលត្រូវបានសម្របសម្រួលត្រឹមត្រូវ និងស្របច្បាប់។
កាលពីឆ្នាំ២០២៥ ទីក្រុងវ៉ាស៉ីនតោន បានដាក់ពង្រាយកងកម្លាំងជើងទឹកក្នុងចំនួនធំ ទៅកាន់តំបន់សមុទ្រ Caribbean ហើយបានវាយប្រហារលើទូកនានា ដែលខ្លួនចោទថា ត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពរត់ពន្ធគ្រឿងញៀន និងរឹបអូសកប៉ាល់ដឹកប្រេង ព្រមទាំងបើកប្រតិបត្តិការដ៏ភ្ញាក់ផ្អើលមួយ ដើម្បីចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro ថែមទៀត។
គួរបញ្ជាក់ថា បើតាមលោក ត្រាំ ផ្ទាល់ ទីក្រុងវ៉ាស៉ីនតោននឹងជាអ្នកគ្រប់គ្រងប្រេងរបស់វ៉េណេស៊ុយអេឡា ក្រោយការផ្តួលរំលំលោក Maduro ហើយថែមទាំងបានអះអាងថា រូបលោកបានរឹបអូស និងលក់ប្រេងទាំងនោះមួយចំនួនរួចហើយ។ យ៉ាងណាមិញ ខាងអាជ្ញាធរវ៉េណេស៊ុយអេឡា បានប្រកែកថា ទីក្រុងការ៉ាកាសនៅតែជាអ្នកគ្រប់គ្រងប្រេងវ៉េណេស៊ុយអេឡា ខណៈក្រុមហ៊ុនប្រេងរដ្ឋ កំពុងបន្តស្ថិតក្នុងកិច្ចចរចាជាមួយសហរដ្ឋអាមេរិក ជុំវិញការលក់ប្រេង៕






