អតីតនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង Han Duck-soo ត្រូវតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ២៣ឆ្នាំ ពាក់ព័ន្ធច្បាប់អាជ្ញាសឹករបស់​អតីតប្រធានាធិបតី Yoon (Video inside)

21-01-2026 01:08

(សេអ៊ូល)៖ តុលាការនៅប្រទេសកូរ៉េខាងត្បូង នាថ្ងៃពុធនេះ បានសម្រេចផ្តន្ទាទោសឱ្យអតីតនាយករដ្ឋមន្រ្តី លោក Han Duck-soo ត្រូវជាប់ពន្ធនាគាររយៈពេល២៣ឆ្នាំ ពីបទគាំទ្រនិងគប់គិត ក្នុងការប្រកាសដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក របស់អតីតប្រធានាធិបតី លោក Yoon Suk Yeol។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦។

ចៅក្រមនៃតុលាការនៅទីក្រុងសេអ៊ូល បាននិយាយថា លោក Han មិនបានគោរពភារកិច្ចនិងការទទួលខុសត្រូវរបស់ខ្លួន ក្នុងនាមជា​នាយករដ្ឋមន្រ្តីរហូតដល់ចុងបញ្ចប់ ដូច្នេះហើយលោកត្រូវបានសម្រេចឱ្យជាប់ពន្ធនាគារ២៣ឆ្នាំ។ រយៈពេលនេះ គឺ៨ឆ្នាំយូរជាងការទាមទាររបស់រដ្ឋអាជ្ញាទៅទៀត។

ក្រោយការសម្រេចចិត្តដ៏ចម្រូងចម្រាស ក្នុងការប្រកាសច្បាប់អាជ្ញាសឹក កាលពីខែធ្នូ ឆ្នាំ២០២៤ លោក Yoon Suk Yeol ត្រូវបាន​តុលាការធម្មនុញ្ញកូរ៉េខាងត្បូងទម្លាក់ពីតំណែង នៅខែមេសា ឆ្នាំ២០២៥។ ក្រោយការដកតំណែងលោក Yoon លោក Han បានឡើងកាន់តួនាទីជា​ប្រធានាធិបតីស្តីទី ហើយពេលមួយនោះ ត្រូវបានមើលឃើញជា បេក្ខជនរឹងមាំម្នាក់សម្រាប់គណបក្ស របស់លោក Yoon ថែមទៀតផង សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីមុនអាណត្តិ។ លោក Han បានលាលែងពីតួនាទីនៅខែឧសភា ដើម្បីព្យាយាមចូលរួមប្រជែងយក តំណែងប្រធានាធិបតី ប៉ុន្តែក្រោយមកមហិច្ឆតានោះ បានដួលរលំទៅវិញ នៅពេលបក្សរបស់លោក Yoon មិនព្រមជ្រើសរើសរូបលោក ជាបេក្ខជនតំណាង។

គួរបញ្ជាក់ថា សម្រាប់លោក Yoon ផ្ទាល់ គឺក្នុងខែមករានេះ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំ ពាក់ព័ន្ធបទចោទប្រកាន់មួយចំនួន រួមមានទាំងការប៉ុនប៉ង​រារាំង ការអនុវត្តដីកាចាប់ខ្លួនរូបលោក ដែលជាសំណុំរឿងមួយទាក់ទងនឹងច្បាប់អាជ្ញាសឹក។ លោក Yoon នៅប្រឈមសំណុំរឿងផ្សេងទៀត ក្នុងនោះមានទាំងការចោទប្រកាន់ ពីបទដឹកនាំការបះបោរ តាមរយៈការប្រកាសច្បាប់អាជ្ញាសឹក ហើយខាងរដ្ឋអាជ្ញា បានស្នើឱ្យតុលាការផ្តន្ទាទោសប្រហារជីវិតរូបលោកតែម្តង។ តុលាការត្រូវបានរំពឹងថា នឹងប្រកាសសាលក្រមនៃសំណុំរឿងនោះ នៅថ្ងៃទី១៩ ខែកុម្ភៈខាងមុខ៕