ការតវ៉ាប្រឆាំងនឹងគោលនយោបាយអន្តោប្រវេសន៍របស់លោក ត្រាំ បានផ្ទុះឡើង (Video inside)
21-01-2026 01:39
(វ៉ាស៉ីនតោន)៖ អ្នកធ្វើការ និងនិស្សិតអាមេរិករាប់ពាន់នាក់ បានដើរដង្ហែតាមទីក្រុង និងបរិវេណសាកលវិទ្យាល័យ នាថ្ងៃអង្គារ ទី២០ ខែមករា ដើម្បីសម្តែងការប្រឆាំងចំពោះគោលនយោបាយអន្តោប្រវេសន៍ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកតវ៉ាបានប្រមូលផ្តុំគ្នា ក្នុងទីក្រុងវ៉ាស៉ីនតោន និងនៅតាមទីក្រុងតូចៗដូចជា Asheville រដ្ឋ North Carolina ដោយអ្នកតវ៉ាបានដើរកាត់ទីប្រជុំជន ហើយស្រែកថា «No ICE, no KKK, no fascist USA» ដែលជាពាក្យស្លោកប្រើសម្រាប់ប្រឆាំងនឹងចំណាត់ការបង្រ្កាបជនអន្តោវប្រវេសន៍របស់ លោក ត្រាំ។ នេះបើតាមវីដេអូចែកចាយតាមបណ្តាញសង្គម។
និស្សិតសាកលវិទ្យាល័យ បានធ្វើបាតុកម្មនៅទីក្រុង Cleveland រដ្ឋ Ohio ដោយស្រែកថា «មិនត្រូវស្អប់ កុំភ័យ ជនភៀសខ្លួនត្រូវបានស្វាគមន៍នៅទីនេះ» ខណៈដែលសិស្សវិទ្យាល័យនៅទីក្រុង Santa Fe រដ្ឋ New Mexico នាំគ្នាផ្អាករៀនដើម្បីទៅចូលរួមការជួបជុំតវ៉ា នៅរដ្ឋធានីវ៉ាស៉ីនតោនឌីស៉ី។
សកម្មភាពទាំងអស់នេះ រៀបចំឡើងដោយក្រុមមាននិន្នាការឆ្វេងនិយម ដូចជា Indivisible និង 50501 ក៏ដូចជាសហជីពការងារ និងអង្គការមូលដ្ឋានជំទាស់នឹងការឃុំឃាំងជនអន្តោប្រវេសន៍។
គួរបញ្ជាក់ថា ២០ មករា ២០២៦ គឺជាថ្ងៃគម្រប់មួយឆ្នាំនៃការចូលកាន់តំណែងអាណត្តិទីពីររបស់លោក ត្រាំ។ ការតវ៉ាបានផ្ទុះឡើងទូទាំងប្រទេស បន្ទាប់ពីមន្រ្តីសហព័ន្ធ បានអូសពលរដ្ឋអាមេរិកម្នាក់ចេញពីរថយន្ត ហើយបានបាញ់សម្លាប់ស្រ្តីម្នាក់ទៀត អាយុ៣៧ឆ្នាំ នៅទីក្រុង Minneapolis រដ្ឋ Minnesota អំឡុងពេលប៉ុន្មានសប្តាហ៍មកនេះ៕







