ជប៉ុននឹងដំណើរការឡើងវិញ រោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេលើពិភពលោក នៅថ្ងៃពុធនេះ (Video inside)
21-01-2026 02:11
(តូក្យូ)៖ រោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតលើពិភពលោក របស់ប្រទេសជប៉ុន នឹងចាប់ផ្តើមដំណើរការឡើងវិញ នាថ្ងៃពុធ ទី២១ ខែមករា ជាលើកដំបូងតាំងពីគ្រោះមហន្តរាយ Fukushima ឆ្នាំ ២០១១ បើទោះជានៅមានការព្រួយបារម្ភផ្នែកសុវត្ថិភាព ក្នុងចំណោមអ្នកស្រុកក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
អភិបាលខេត្ត Niigata បានយល់ព្រមឱ្យបើករោងចក្រនេះឡើងវិញ កាលពីខែមុន ទោះបីជាមានការជំទាស់ពីសាធារណៈមតិ។ ប្រតិបត្តិករក្រុមហ៊ុន Tokyo Electric Power (TEPCO) បាននិយាយថា «ពួកគេកំពុងបន្តការរៀបចំ ហើយនឹងបើកកុងតាក់បញ្ជាក្រោយម៉ោង ៧យប់ថ្ងៃនេះ ដើម្បីដំណើរការម៉ាស៉ីនរ៉េអាក់ទ័រ»។
មនុស្សជាច្រើនបាននាំគ្នាតវ៉ា កាលពីថ្ងៃអង្គារ ដោយភាគច្រើនជាមនុស្សចាស់។ ពួកគាត់សុខចិត្តប្រឈមនឹងអាកាសធាតុត្រជាក់ ព្រិលធ្លាក់ ដើម្បីសម្តែងការតវ៉ា ក្បែរច្រកចូលរោងចក្រ ដែលនៅជាប់ឆ្នេរសមុទ្រជប៉ុន។ អ្នកស្រុកប្រហែល ៦០ភាគរយ ជំទាស់នឹងការបើករោងចក្រនេះឡើងវិញ ខណៈ ៣៧ភាគរយគាំទ្រ។ នេះបើយោងតាមការស្ទង់មតិដែលធ្វើឡើងកាលពីខែកញ្ញា ឆ្នាំមុន។
រោងចក្រថាមពលនុយក្លេអ៊ែរ Kashiwazaki-Kariwa ត្រូវបានបិទដំណើរការ នៅពេលជប៉ុនសម្រេចផ្អាក ការផលិតថាមពលតាមរយៈនុយក្លេអ៊ែរ បន្ទាប់ពីមហាគ្រោះមហន្តរាយរញ្ជួយដី និងរលកយក្សស៊ូណាមិ ធ្វើឱ្យធ្លាយសារធាតុវិទ្យុសកម្ម ចេញពីម៉ាស៉ីនរ៉េអាក់ទ័រចំនួន៣ នៃរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ក្នុងឆ្នាំ២០១១។ ការបើកឡើងវិញនាថ្ងៃពុធនេះ នៃរោងចក្រថាមពល Kashiwazaki-Kariwa គឺដំណើរការតែម៉ាស៉ីនរ៉េអាក់ទ័រ ១ប៉ុណ្ណោះ ក្នុងចំណោមម៉ាស៉ីនរ៉េអាក់ទ័រសរុបចំនួន ៧៕




