អាស៊ែបៃហ្សង់ និងអាមេនី ព្រមចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព តាមការអញ្ជើញពីលោក ដូណាល់ ត្រាំ (Video inside)

20-01-2026 19:37

(បាគូ)៖ ប្រទេសអាស៊ៃបៃហ្សង់ និងអាមេនី បានយល់ព្រមទទួលយកការអញ្ជើញ ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឱ្យប្រទេសទាំងពីរចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាព ឬ Board of Peace ដែលបង្កើតឡើងដើម្បីដោះស្រាយជម្លោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ ២០២៦។

តាមសេចក្តីថ្លែងការណ៍ក្រសួងការបរទេសអាស៊ៃបៃហ្សង់ «ដូចសព្វដង អាស៊ៃបៃហ្សង់ត្រៀមខ្លួនជាស្រេច ដើម្បីរួមចំណែកយ៉ាងសកម្ម ដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ សន្តិភាព និងស្ថិរភាព»

អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអាមេនី បានឱ្យដឹងថា លោក Nikol Pashinyan ក៏នឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពនេះផងដែរ។ លោក Pashinyan បានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់អាមេនី ក្នុងការលើកកម្ពស់សន្តិភាព។

គួរបញ្ជាក់ថា អាស៊ៃបៃហ្សង់ និងអាមេនី មានសង្រ្គាមនឹងអស់រយៈពេលជិត ៤ទស្សវត្សមកហើយ ជុំវិញតំបន់ភ្នំ Nagorno-Karabakh ប៉ុន្តែបានឈានដល់កិច្ចព្រមព្រៀងសន្តិភាព ក្រោយការសម្របសម្រួលពីអាមេរិក នៅខែសីហា ឆ្នាំមុន ក្រោយជំនួបនៃមេដឹកនាំប្រទេសទាំងពីរ ជាមួយលោក ត្រាំ៕