ប្រព័ន្ធផ្សព្វផ្សាយ៖ អ៉ីតាលី អាចនឹងមិនចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាព ដែលផ្តួចផ្តើមឡើងដោយលោក ត្រាំ (Video inside)

20-01-2026 20:41

(រ៉ូម)៖ កាសែតក្នុងស្រុករបស់អ៉ីតាលី Corriere della Sera បានចុះផ្សាយថា អ៉ីតាលីអាចនឹងមិនចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព ឬ Board of Peace ដែលជាគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដោយទំនងជាបារម្ភថា ការណ៍ចូលរួមក្នុងក្រុមមួយដែលដឹកនាំដោយមេដឹកនាំប្រទេសតែម្នាក់ នឹងរំលោភលើរដ្ឋធម្មនុញ្ញអ៉ីតាលី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ ២០២៦។

ដោយមិនផ្អែកលើប្រភពណាមួយ កាសែត Corriere រាយការណ៍ទៀតថា យោងតាមរដ្ឋធម្មនុញ្ញអ៉ីតាលី ប្រទេសអ៉ីតាលី អាចចូលរួមក្នុងអង្គការអន្តរជាតិ ដែលផ្តល់នូវការសន្តិភាព និងយុត្តិធម៌ដល់ប្រទេសនានាបាន លុះត្រាតែក្នុងលក្ខខណ្ឌស្មើភាពគ្នាជាមួយរដ្ឋដទៃទៀត ដែលជាលក្ខខណ្ឌមិនស្របគ្នានឹងអាទិភាពរបស់អាមេរិក នៅក្នុងក្រុមប្រឹក្សាភិបាលថ្មីនេះឡើយ។

គួរបញ្ជាក់ថា ផែនការបង្កើតក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំ រហូតមកដល់ពេលនេះ កំពុងធ្វើឱ្យសម្ព័ន្ធមិត្តលោកខាងលិច ប្រុងប្រយ័ត្នក្នុងការឆ្លើយតប ខណៈក្រុមអ្នកការទូតនិយាយថា វាអាចធ្វើឱ្យប៉ះពាល់ដល់ការងាររបស់អង្គការសហប្រជាជាតិ។

នាថ្ងៃព្រហស្បតិ៍នេះ លោក ត្រាំ ត្រូវធ្វើជាអធិបតីក្នុងពិធីមួយ ដើម្បីអបអរសាទរដល់ការបង្កើតក្រុមប្រឹក្សាសន្តិភាព នៅឯទីក្រុង Davos ប្រទេសស្វីស ដែលជាទីតាំងនៃការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក។ ប្រភពមួយបានប្រាប់ Reuters ថានាយករដ្ឋមន្ត្រីអ៉ីតាលី លោកស្រី Giorgia Meloni ទំនងជាមិនទៅទីក្រុង Davos ទេ។ ប៉ុន្តែភ្លាមៗនេះរដ្ឋាភិបាលអ៉ីតាលីនៅមិនទាន់មានការបញ្ជាក់ទេ៕