បេសកជនពិសេសអាមេរិក លោក Witkoff បញ្ជាក់ថានឹងទៅជួបលោក ពូទីន នៅថ្ងៃព្រហស្បតិ៍
21-01-2026 19:25
(វ៉ាស៊ីនតោន)៖ បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក ស្ទីវ វីតកុហ្វ (Steve Witkoff) បានប្រកាសថាលោកនឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូជាមួយកូនប្រសារលោក ត្រាំ គឺលោក ចារ៉េដ គូសនឺ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងបទសម្ភាសន៍ជាមួយ CNBC លោក វីតកុហ្វ បានបញ្ជាក់យ៉ាងច្បាស់ថា «យើងត្រូវតែទៅជួបគាត់ (លោក ពូទីន) នៅថ្ងៃព្រហស្បតិ៍»។ នៅពេលត្រូវបានសួរថាតើលោក ពូទីន នឹងចូលរួមក្នុង «ក្រុមប្រឹក្សាសន្តិភាព» របស់លោក ត្រាំ ដែរឬទេ លោក វីតកុហ្វ បានឆ្លើយតបថា «ខ្ញុំគិតថាអ៊ីចឹង» ដោយបញ្ជាក់សារជាថ្មីថា ការអញ្ជើញត្រូវបានផ្ញើជូនលោក ពូទីន រួចរាល់ហើយ។
ទន្ទឹមនឹងនេះ អ្នកចរចាកំពូលរបស់អ៊ុយក្រែន លោក រូស្ទីម អ៊ូមេរ៉ូវ (Rustem Umerov) បានឱ្យដឹងថា កិច្ចពិភាក្សាជាមួយមន្ត្រីអាមេរិកដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាម នឹងបន្តធ្វើឡើងនៅវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ក្នុងទីក្រុងដាវ៉ូស ប្រទេសស្វីស ក្នុងសប្តាហ៍នេះ៕




