បារាំងស្នើឱ្យមានសមយុទ្ធយោធារបស់ NATO នៅហ្គ្រីនឡែន និងប្រកាសត្រៀមខ្លួនចូលរួម (Video inside)

21-01-2026 13:45

(ប៉ារីស)៖ ការិយាល័យប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានប្រកាសនៅថ្ងៃពុធនេះថា បារាំងបានស្នើសុំជាផ្លូវការឱ្យមានសមយុទ្ធយោធារបស់អង្គការណាតូ (NATO) នៅលើកោះហ្គ្រីនឡែន ហើយបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមចំណែកក្នុងប្រតិបត្តិការនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងនៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅដាវ៉ូស ប្រទេសស្វីស កាលពីថ្ងៃអង្គារ លោក ម៉ាក្រុង បានសង្កត់ធ្ងន់ថា អឺរ៉ុបនឹងមិនចុះចាញ់ចំពោះ «អ្នកប្រើអំណាចគំរាមកំហែង» ឬត្រូវបានបំភិតបំភ័យដោយការគំរាមដំឡើងពន្ធរបស់លោក ត្រាំ ឡើយ។

ទន្ទឹមគ្នានេះ មេដឹកនាំណាតូបានព្រមានថា យុទ្ធសាស្ត្ររបស់លោក ត្រាំ អាចធ្វើឱ្យសម្ព័ន្ធភាពនេះរង្គោះរង្គើយ៉ាងខ្លាំង។ ដោយឡែក លោក ត្រាំ ធ្លាប់បានភ្ជាប់បញ្ហាហ្គ្រីនឡែនទៅនឹងកំហឹងរបស់លោក ដែលមិនទទួលបានពានរង្វាន់ណូបែលសន្តិភាព៕