លោក ត្រាំ ប្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកថា «អឺរ៉ុបកំពុងដើរក្នុងទិសដៅខុស» (Video inside)
21-01-2026 07:08
(ដាវ៉ូស)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងក្នុងសុន្ទរកថាសេដ្ឋកិច្ចនៅទីក្រុងដាវ៉ូស ប្រទេសស្វីស នៅថ្ងៃពុធនេះថា អឺរ៉ុបកំពុងឆ្ពោះទៅរកទិសដៅខុស ស្របពេលដែលទំនាក់ទំនងអន្តរអាត្លង់ទិកកំពុងប្រេះឆា ដោយសារបំណងរបស់លោកក្នុងការកាន់កាប់កោះហ្គ្រីនឡែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ត្រាំ បាននិយាយនៅវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ថា «ខ្ញុំស្រឡាញ់អឺរ៉ុប និងចង់ឃើញអឺរ៉ុបល្អប្រសើរ ប៉ុន្តែវាមិនកំពុងដើរក្នុងទិសដៅត្រឹមត្រូវទេ»។
ទាក់ទងនឹងបញ្ហាហ្គ្រីនឡែន លោក ត្រាំ បានបង្ហាញសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងមួយអាចនឹងសម្រេចបាន។ លោកបានបញ្ជាក់ថា «ខ្ញុំគិតថាយើងនឹងរកដំណោះស្រាយមួយដែលណាតូនឹងសប្បាយចិត្តខ្លាំង ហើយយើងក៏សប្បាយចិត្តដែរ។ ប៉ុន្តែយើងត្រូវការវាសម្រាប់គោលបំណងសន្តិសុខជាតិ»។
នៅពេលអ្នកកាសែតសួរថា តើលោកហ៊ានធ្វើដល់កម្រិតណាដើម្បីទទួលបានកោះនេះ លោកបានឆ្លើយយ៉ាងខ្លីថា «អ្នកនឹងបានដឹងនៅពេលក្រោយ»។ គួររំលឹកថា មេដឹកនាំណាតូធ្លាប់ព្រមានថា យុទ្ធសាស្ត្ររបស់លោក ត្រាំ អាចធ្វើឱ្យសម្ព័ន្ធភាពនេះរង្គោះរង្គើ៕






