លោក ត្រាំ ថា «នឹងមិនប្រើកម្លាំងដើម្បីយកកោះហ្គ្រីនឡែនទេ» តែថាគ្មានប្រទេសណាអាចធានាសន្តិសុខដែនដីនេះក្រៅពីអាមេរិកទេ (Video inside)
21-01-2026 16:00
(ដាវ៉ូស)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសយ៉ាងច្បាស់នៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិកនឹងមិនប្រើប្រាស់កម្លាំងយោធាដើម្បីចូលគ្រប់គ្រងកោះហ្គ្រីនឡែនឡើយ ប៉ុន្តែបានអះអាងថាគ្មានប្រទេសណាមួយមានសមត្ថភាពធានាសន្តិសុខដែនដីនេះបានក្រៅពីអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសុន្ទរកថាប្រចាំឆ្នាំនៅវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ក្នុងប្រទេសស្វីស លោក ត្រាំ បានថ្លែងថា «មនុស្សគិតថាខ្ញុំនឹងប្រើកម្លាំង ប៉ុន្តែខ្ញុំមិនចាំបាច់ប្រើកម្លាំងទេ។ ខ្ញុំមិនចង់ប្រើកម្លាំងទេ ហើយខ្ញុំនឹងមិនប្រើវាឡើយ»។
ទោះជាយ៉ាងណា លោកបានប្រើទឹកដមសំដីរិះគន់យ៉ាងខ្លាំងចំពោះសម្ព័ន្ធមិត្តអឺរ៉ុប ដោយចោទប្រកាន់ពីភាពមិនស្មោះត្រង់ និងកំហុសគោលនយោបាយជាច្រើន។ លោកបានហៅប្រទេសដាណឺម៉ាកថា «មិនដឹងគុណ» ដោយចាត់ទុកបំណងចង់បានហ្គ្រីនឡែនរបស់លោកថាជា «ការស្នើសុំតូចតាច» លើ «ដុំទឹកកកមួយ» ដើម្បីការពារពិភពលោក។ លោកបានបន្ថែមថា «ខ្ញុំកំពុងស្វែងរកការចរចាជាបន្ទាន់ដើម្បីពិភាក្សាម្តងទៀតអំពីការទិញយកហ្គ្រីនឡែនដោយសហរដ្ឋអាមេរិក»។
គួរកត់សម្គាល់ថា ក្នុងអំឡុងពេលសុន្ទរកថាដ៏វែងអន្លាយជាងមួយម៉ោងនោះ លោក ត្រាំ បានច្រឡំហៅហ្គ្រីនឡែន (Greenland) ថាជា អ៊ីស្លង់ (Iceland) ជាច្រើនលើកផងដែរ ដែលធ្វើឱ្យអ្នកចូលរួមជាច្រើនហាក់អស់ចំណាប់អារម្មណ៍។ ការគំរាមកំហែងរបស់លោកជុំវិញរឿងហ្គ្រីនឡែន បានធ្វើឱ្យទំនាក់ទំនងអន្តរអាត្លង់ទិកមានភាពប្រេះឆា និងគ្របដណ្ដប់លើរបៀបវារៈសេដ្ឋកិច្ចរបស់វេទិកាទាំងមូល៕




