ប្រធានាធិបតីស្ដីទីរបស់វ៉េណេស៊ុយអេឡា នឹងធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកឆាប់ៗ (Video inside)
22-01-2026 02:19
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីស្ដីទីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez នឹងធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗដែលនេះជាសញ្ញាមួយបង្ហាញពីបំណងរបស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលចង់ឱបក្រសោបមេដឹកនាំថ្មីនៃប្រទេសសម្បូរធនធានប្រេងមួយនេះ។ នេះបើតាមចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ លោកស្រី Delcy Rodriguez នឹងក្លាយជាប្រធានាធិបតីកំពុងកាន់អំណាចលើកដំបូងបំផុតរបស់វ៉េណេស៊ុយអេឡាដែលនឹងធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ក្នុងពេលរាប់ទសវត្សរ៍មកនេះ លើកលែងតែការចូលរួមនៅឯមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក។ លោកស្រី Rodriguez កាលពីថ្ងៃពុធ ទី២១ ខែមករា បាននិយាយថា ស្វាគមន៍រាល់កិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិកដោយមិនមានការភ័យខ្លាចឡើយ។ «យើងកំពុងស្ថិតនៅក្នុងដំណើរការនៃកិច្ចសន្ទនា ការធ្វើការជាមួយសហរដ្ឋអាមេរិកដោយមិនមានការភ័យខ្លាច អ្វីទេ ដើម្បីប្រឈមមុខនឹងការខ្វែងគំនិតគ្នា និងឧបសគ្គនានា...ហើយដោះស្រាយវាតាមរយៈការទូត»។ នេះជាការគូសបញ្ជាក់របស់លោកស្រី Rodriguez។
គួរបញ្ជាក់ថា ការអញ្ជើញលោកស្រី Rodriguez ធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក គឺជាការផ្លាស់ប្ដូរមួយនៅក្នុងទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងការ៉ាកាស ចាប់តាំងពីកងកម្លាំងពិសេសអាមេរិក Delta Force ចាប់ខ្លួនអតីតប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បញ្ជូនទៅកាត់ទោសនៅសហរដ្ឋអាមេរិកជុំវិញការចោទប្រកាន់ពី ការរត់ពន្ធគ្រឿងញៀន៕






