លោក ត្រាំ លុបចោលការគំរាមដំឡើងពន្ធគយនៅខែក្រោយ បន្ទាប់ពីឈានដល់កិច្ចព្រមព្រៀងគោលស្ដីពី Greenland (Video inside)
22-01-2026 03:47
(Reuters)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី២១ ខែមករា បានលុបចោលការគំរាមដំឡើងពន្ធគយលើបណ្ដាប្រទេសអឺរ៉ុបមួយចំនួនដែលប្រឆាំងជំទាស់នឹងបំណងរបស់ លោកចង់គ្រប់គ្រងដែនដី Greenland។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ត្រាំ បាននិយាយថាការសម្រេចចិត្តរបស់លោកធ្វើឡើងបន្ទាប់ពីរូបលោកបានឈានដល់កិច្ចព្រមព្រៀងគោលមួយជាមួយ NATO ពាក់ព័ន្ធនឹងអនាគតរបស់ Greenland។ នៅក្នុងការបង្ហោះ លើបណ្ដាញទំនាក់ទំនងសង្គម Truth Social ក្រោយជួបពិភាក្សាជាមួយប្រមុខ NATO លោក Mark Rutte ក្នុងទីក្រុង Davos ប្រទេសស្វ៊ីសជាទីដែលលោកកំពុងចូលរួមវេទិកា សេដ្ឋកិច្ចពិភពលោក លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ផ្អែកលើការព្រមព្រៀងគ្នានេះ ខ្ញុំនឹងមិនដំឡើងពន្ធគយដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃទី១ ខែកុម្ភៈខាងមុខនេះនោះទេ»។ លោក ត្រាំមិនបានផ្ដល់ព័ត៌មានអ្វីលម្អិតបន្ថែមឡើយ។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៧ ខែមករា បានគំរាមដំឡើងពន្ធគយលើប្រទេសអឺរ៉ុបចំនួន៨ ក្នុងនោះរួមមានទាំងបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស ដោយនិយាយថា ពន្ធគយ ១០ភាគរយ នឹងត្រូវចូលជាធរមាននៅខែកុម្ភៈខាងមុខ ហើយនឹងត្រូវដំឡើងដល់ ២៥ភាគរយនៅខែមិថុនា ប្រសិនបើមិនមានកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឱ្យសហរដ្ឋអាមេរិកទិញយក Greenland ទេនោះ៕




