អាមេរិកដល់ពេលត្រូវចាកចេញពីអង្គការសុខភាពពិភពលោកជាផ្លូវការ ទាំងនៅជំពាក់ថវិកាវិភាគទាន២៦០លានដុល្លារ (Video inside)
21-01-2026 17:36
(ហ្សឺណែវ)៖ នាថ្ងៃព្រហស្បតិ៍នេះ សហរដ្ឋអាមេរិក នឹងត្រូវចាកចេញជាផ្លូវការពីអង្គការសុខភាពពិភពលោក (WHO) ចំពោះមុខការព្រមានថា វានឹងជះផលប៉ះពាល់អវិជ្ជមាន ទាំងចំពោះវិស័យសុខាភិបាលអាមេរិក និងចំពោះវិស័យសុខាភិបាលពិភពលោក ហើយមិនតែប៉ុណ្ណោះ ក៏បំពានផងដែរចំពោះច្បាប់អាមេរិក ដែលតម្រូវឱ្យទីក្រុងវ៉ាស៉ីនតោន បង់ថវិកាវិភាគទានដែលនៅជំពាក់ WHO ប្រមាណ២៦០លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា ឆ្នាំ២០២៦។
នៅថ្ងៃដំបូងនៃការត្រឡប់មកកាន់អំណាចវិញ កាលពីខែមករា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្តល់ការជូនដំណឹងថា សហរដ្ឋអាមេរិក នឹងដកខ្លួនចេញពី WHO ដែលជាទីភ្នាក់ងារសុខាភិបាលរបស់អង្គការសហប្រជាជាតិ (UN)។ នៅក្រោមច្បាប់របស់សហរដ្ឋអាមេរិកផ្ទាល់ អាមេរិកត្រូវផ្តល់ការជូនដំណឹងជាមុនរយៈពេល១ឆ្នាំ និងបង់ថវិកាវិភាគទាននានា ដែលនៅសេសសល់ មុនពេលចាកចេញ។
រយៈពេលមួយឆ្នាំកន្លងមកនេះ ក្រុមអ្នកជំនាញសុខភាពពិភពលោក បានទទូចឱ្យអាមេរិកពិចារណាឡើងវិញ ក្នុងនោះរួមមានទាំងអគ្គនាយក WHO ផ្ទាល់ គឺលោក Tedros Adhanom Ghebreyesus។ អំឡុងសន្និសីទសារព័ត៌មានមួយ ក្នុងខែមករានេះ លោក Tedros បានបង្ហាញក្តីសង្ឃឹមថា អាមេរិកនឹងពិចារណាសាជាថ្មី ហើយត្រឡប់មកចូលរួមក្នុង WHO វិញ ព្រោះការដកខ្លួន គឺជាការខាតបង់សម្រាប់សហរដ្ឋអាមេរិកផ្ទាល់ និងសម្រាប់ពិភពលោកទាំងមូល។
គួរបញ្ជាក់ថា បើតាម WHO អាមេរិកមិនទាន់បង់វិភាគទានដែលខ្លួននៅជំពាក់ សម្រាប់ឆ្នាំ២០២៤ និង២០២៥ សរុបប្រមាណ២៦០លានដុល្លារនៅឡើយទេ។ អ្នកនាំពាក្យ WHO បានឱ្យដឹងថា បណ្តារដ្ឋជាសមាជិក នឹងបើកពិភាក្សាអំពីការចាកចេញរបស់អាមេរិក នៅខែកុម្ភៈខាងមុខនេះ៕







