ចិន៖ មន្រ្តីហុងកុងម្នាក់ ត្រូវបណ្តេញពីតំណែង ប្រឈមនឹងការស៉ើបអង្កេតព្រហ្មទណ្ឌ ក្រោយបង្ហោះសារដែលមានលក្ខណៈអួតសម្ញែង លើបណ្តាញសង្គម (Video inside)
22-01-2026 02:28
(ហុងកុង)៖ ប្រធានការិយាល័យទំនាក់ទំនងរបស់រដ្ឋបាលពិសេសហុងកុង នៅទីក្រុង Tianjin ប្រទេសចិន ត្រូវបានបណ្ដេញចេញពីតំណែង ហើយនឹងប្រឈមមុខចំពោះការស៉ើបអង្កេតពីបទព្រហ្មទណ្ឌ បន្ទាប់ពីបានបង្ហោះរូបលើបណ្តាញសង្គម ដែលមើលទៅហាក់ទទួលបានអត្ថប្រយោជន៍ពិសេស ដូចជាការទទួលបានបន្ទប់ផ្ទាល់ខ្លួន អំឡុងពេលធ្វើដំណើរតាមស្រឡាងទៅកាន់ទីក្រុងម៉ាកាវ ជាដើម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា ឆ្នាំ ២០២៦។
មន្រ្តីខាងលើ គឺលោក Ricky Cheng Chun-sang បានបង្ហោះរូបលើបណ្តាញសង្គម Threads ដែលត្រូវបានគេចោទប្រកាន់ថា ជាការអួតសម្ញែង។ អមជាការមួយរូបថត លោក Cheng បានអរគុណនាយកប្រតិបត្តិជាន់ខ្ពស់របស់ TurboJet ដែលជាក្រុមហ៊ុនស្រឡាងល្បឿនលឿនឈានមុខគេនៅហុងកុង សម្រាប់ការរៀបចំឱ្យលោកអង្គុយនៅកាប៊ីនឯកជន ពេលធ្វើដំណើរពីហុងកុងទៅម៉ាកាវ។
ការិយាល័យធម្មនុញ្ញ និងកិច្ចការចិន បានលើកឡើងថា កៅអីដែលលោក Cheng បានអង្គុយនៅលើស្រឡាងនោះ គឺមានលក្ខណៈពិសេស នាំឱ្យគេសង្ស័យពីការបំពានច្បាប់ ស្តីពីការទប់ស្កាត់បទល្មើសស៉ីសំណូក ប្រព្រឹត្តដោយមន្ត្រីរដ្ឋាភិបាល តាមរយៈការទទួលផលប្រយោជន៍ដោយគ្មានការអនុញ្ញាត។ តាមអាជ្ញាធរហុងកុង ដោយមានការលើកឡើងច្រើន ជុំវិញការបង្ហោះនេះ អង្គភាពសម្រចបើកការស៉ើតអង្កេតបន្ថែម៕







