លោក Starmer ស្វាគមន៍ការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការលុបចោលការគំរាមកំហែងពន្ធលើអឺរ៉ុប
22-01-2026 21:08
(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានប្រាប់នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី មេតេ ហ្វ្រេដេរិកសិន (Mette Frederiksen) នៅថ្ងៃព្រហស្បតិ៍នេះថា ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការមិនបន្តគំរាមកំហែងពន្ធគយលើប្រទេសអឺរ៉ុបជុំវិញរឿងហ្គ្រីនឡែន គឺជាជំហានប្រកបដោយភាពជាក់ស្តែងនិយម និងសុភវិនិច្ឆ័យ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងជំនួបនៅគេហដ្ឋាន Chequers លោក Starmer បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំយល់ឃើញថាវាជាការឆ្លុះបញ្ចាំងពីភាពជាក់ស្តែងនិយម សុភវិនិច្ឆ័យ និងការប្រកាន់ខ្ជាប់នូវតម្លៃ និងគោលការណ៍របស់យើង»។
ទន្ទឹមគ្នានោះ លោកស្រី ហ្វ្រេដេរិកសិន បានចាត់ទុកអង់គ្លេសជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតមួយ និងបានកោតសរសើរ «របៀបធ្វើការរបស់អង់គ្លេស» ដោយនិយាយលេងសើចថា «អ្នកញ៉ាំតែមួយពែង ហើយបន្ទាប់មកគិតបន្តិចអំពីអ្វីគ្រប់យ៉ាង យកការពិតមកដាក់លើតុ ហើយបន្ទាប់មកអ្នករកផ្លូវទៅមុខ»។
គួរបញ្ជាក់ថា លោក ត្រាំ បានបន្ធូរបន្ថយជំហរភ្លាមៗកាលពីថ្ងៃពុធ ដោយច្រានចោលការប្រើកម្លាំង និងបង្ហាញសញ្ញាថា កិច្ចព្រមព្រៀងអាចនឹងកើតឡើង៕




