លោក ពូទីន ត្រៀមប្រើប្រាស់លុយបង្កក ១ពាន់លានដុល្លារដើម្បីចូលរួម «ក្រុមប្រឹក្សាសន្តិភាព» របស់លោក ត្រាំ (Video inside)
22-01-2026 16:14
(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា លោកនឹងពិភាក្សាអំពីលទ្ធភាពនៃការប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៊ីដែលត្រូវបានបង្កកនៅបរទេស ដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើម «ក្រុមប្រឹក្សាសន្តិភាព» របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Bloomberg។
ក្នុងអំឡុងពេលជំនួបជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាមូដ អាបាស់ នៅវិមានក្រឹមឡាំង លោក ពូទីន បានបញ្ជាក់យ៉ាងច្បាស់ថា «យើងត្រៀមខ្លួនជាស្រេចក្នុងការបញ្ជូនប្រាក់ចំនួន ១ពាន់លានដុល្លារទៅកាន់រចនាសម្ព័ន្ធថ្មីនេះ។ គោលដៅចម្បងគឺដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីន និងប្រើប្រាស់មូលនិធិនេះសម្រាប់ការកសាងតំបន់ហ្គាហ្សាឡើងវិញ ក៏ដូចជាដោះស្រាយបញ្ហាប៉ាឡេស្ទីនជារួម»។
ការប្រកាសដ៏សំខាន់នេះ ធ្វើឡើងនៅមុនពេលលោក ពូទីន គ្រោងជួបពិភាក្សាជាមួយបេសកជនពិសេសរបស់លោក ត្រាំ គឺលោក ស្ទីវ វីតកុហ្វ និងកូនប្រសារលោក ត្រាំ គឺលោក ចារ៉េដ គូសនឺ នៅទីក្រុងមូស្គូ។ លោក ពូទីន បានសង្កត់ធ្ងន់ថា បញ្ហាទ្រព្យសម្បត្តិបង្កកនេះត្រូវបានពិភាក្សាជាមួយភាគីអាមេរិករួចហើយ ហើយជំហររបស់រុស្ស៊ីចំពោះបញ្ហាប៉ាឡេស្ទីន និងតំបន់មជ្ឈិមបូព៌ាគឺ «មានគោលការណ៍ និងមិនមែនជាការឱកាសនិយមទេ»។
គួរបញ្ជាក់ថា សេតវិមានបានប្រកាសបង្កើត «ក្រុមប្រឹក្សាសន្តិភាព» កាលពីសប្តាហ៍មុន ដោយអញ្ជើញប្រទេសរាប់សិបឱ្យចូលរួម។ លក្ខខណ្ឌមួយក្នុងចំណោមនោះគឺ ប្រទេសដែលបង់ប្រាក់វិភាគទាន ១ពាន់លានដុល្លារ នឹងអាចទទួលបានសមាជិកភាពអចិន្ត្រៃយ៍នៅក្នុងក្រុមប្រឹក្សានេះ៕






