នាយករដ្ឋមន្រ្តីជប៉ុនរំលាយសភា ដើម្បីរៀបចំការបោះឆ្នោតមុនអាណត្តិ នៅថ្ងៃទី៨ ខែកុម្ភៈ (Video inside)

23-01-2026 11:30

(តូក្យូ)៖ នាថ្ងៃសុក្រនេះ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi បានប្រកាសរំលាយរដ្ឋសភាជាផ្លូវការ ដើម្បីបើកផ្លូវឆ្ពោះទៅរៀបចំការបោះឆ្នោតសកលមុនអាណត្តិ នាថ្ងៃទី៨ ខែកុម្ភៈ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦។

លោកស្រី Takaichi បានប្រាប់ឱ្យដឹងជាមុនពីគម្រោងរំលាយសភា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ លោកស្រីសង្ឃឹមថា ការបោះឆ្នោតមុនអាណត្តិ នឹងផ្តល់អំណាចរឹងមាំជាងមុន ដើម្បីឱ្យលោកស្រី អាចជំរុញរបៀបវារៈធំៗ។ លោកស្រីនាយករដ្ឋមន្រ្តី ក៏បាននិយាយដែរថា ការសម្រេចចិត្តរំលាយសភា ដើម្បីបោះឆ្នោតមុនអាណត្តិបែបនេះ គឺលោកស្រី ចង់សួរសាធារណជនជប៉ុនដោយផ្ទាល់ថា តើលោកស្រីសក្តិសមធ្វើជានាយករដ្ឋមន្រ្តីរបស់ពួកគេដែរឬអត់។

គួរបញ្ជាក់ថា លោកស្រី Sanae Takaichi បានក្លាយជានាយករដ្ឋមន្រ្តីជប៉ុនដំបូងបង្អស់ ដែលជាស្រ្តី កាលពីខែតុលា ឆ្នាំ២០២៥ ក្រោយទទួលជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានថ្មីរបស់គណបក្សកាន់អំណាច LDP បន្ទាប់ពីការលាលែងរបស់អតីតនាយករដ្ឋមន្រ្តី លោក Shigeru Ishiba៕