លោក ហ្សេលេនស្គី ថាបញ្ហាទឹកដី មិនទាន់អាចដោះស្រាយបាន ក្រោយជំនួបជាមួយលោក ត្រាំ នៅទីក្រុងដាវ៉ូស (Video inside)

23-01-2026 11:43

(ដាវ៉ូស, ស្វីស)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនាថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករាថា ក្រោយការពិភាក្សាជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅឯទីក្រុងដាវ៉ូស ប្រទេសស្វីស ចំណុចផ្តល់ការធានាសន្តិសុខដល់អ៊ុយក្រែន បានសម្រេចហើយ ប៉ុន្តែទាក់ទងនឹងបញ្ហាទឹកដីក្នុងសង្រ្គាមរបស់ខ្លួនជាមួយរុស្ស៉ី មិនទាន់អាចដោះស្រាយបាននៅឡើយទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ដោយចាត់ទុកជាសញ្ញាវិជ្ជមានមួយ ក្នុងវឌ្ឍនភាពនៃការចរចារសន្តិភាព ដើម្បីបញ្ចប់សង្រ្គាមជិត ៤ឆ្នាំមកនេះ លោក ហ្សេលេនស្គី បានឱ្យដឹងថា អ្នកចរចាមកពីរុស្ស៉ី អ៊ុយក្រែន សហរដ្ឋអាមេរិក នឹងធ្វើកិច្ចប្រជុំត្រីភាគីលើកដំបូង ក្នុងទីក្រុង Abu Dhabi ប្រទេសអេមីរ៉ាត់អារ៉ាប់រួម នាថ្ងៃសុក្រ និងថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ ទន្ទឹមនេះ កិច្ចព្រមព្រៀងមួយពាក់ព័ន្ធការស្តារសេដ្ឋកិច្ចអ៊ុយក្រែនឡើងវិញ ក៏ស្ទើរតែរួចរាល់ហើយដែរ។

លោក ហ្សេលេនស្គី និងលោក ត្រាំ ដែលជួបគ្នាបាន ៦លើកតាំងពីលោក ត្រាំ ត្រឡប់មកកាន់សេតវិមានវិញឆ្នាំមុន បាននិយាយថា ជំនួបកាលពីថ្ងៃព្រហស្បតិ៍គឺវិជ្ជមាន។ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា បេសកជនអាមេរិក កំពុងទៅសម្របសម្រួលជាមួយទីក្រុងមូស្គូ ហើយនៅពេលត្រូវបានសួរថា តើអ្វីទៅសាររបស់លោក ចង់ផ្ញើទៅកាន់លោក ពូទីន ប្រធានាធិបតីរុស្ស៉ី លោក ត្រាំ ឆ្លើយតបថា «សង្គ្រាមត្រូវតែបញ្ចប់»៕