នាយករដ្ឋមន្រ្តីកាណាដា ថាកាណាដាមិនមែនរស់ដោយសារអាមេរិកទេ ខណៈលោក ត្រាំ លុបចោលការអញ្ជើញឱ្យចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព (Video inside)

23-01-2026 13:23

(អូតាវ៉ា)៖ នាថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney បានឆ្លើយតបវិញទៅកាន់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានអះអាងនៅវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ថា ប្រទេសកាណាដា រស់ដោយសារសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ថ្លែងចេញពីទីក្រុង Quebec នៃប្រទេសកាណាដា លោក Carney បានគូសបញ្ជាក់ថាយ៉ាងដូច្នេះថា «កាណាដាមិនមែនរស់ដោយសារ​អាមេរិកឡើយ»។ ភ្លាមៗក្រោយមក លោក ត្រាំ ក្នុងថ្ងៃព្រហស្បតិ៍ដដែល ក៏បានបង្ហោះសារមួយលើបណ្តាញ ​Truth Social ប្រកាសលុបចោលការអញ្ជើញឱ្យកាណាដា ចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព ដែលលោកប្រធានាធិបតីអាមេរិក ផ្តួចផ្តើមបង្កើតឡើង។

ការអត្ថាធិប្បាយនាថ្ងៃព្រហស្បតិ៍របស់លោក Carney ធ្វើឡើង បន្ទាប់ពីការថ្លែងសុន្ទរកថាមួយរបស់លោកក្នុងសប្តាហ៍នេះ អំឡុងវេទិកា WEF នៅទីក្រុង Davos នៃប្រទេសស្វីស ដែលពេលនោះ លោកបានបង្ហាញការយល់ឃើញថា កំពុងមានភាពប្រេះឆាក្នុងសណ្តាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់អន្តរជាតិ ដែលដឹកនាំដោយសហរដ្ឋអាមេរិក។ សម្តីបែបនោះ ត្រូវបានមតិភាគច្រើនមើលឃើញថា ជាការលើកឡើងដោយ​ប្រយោលសំដៅលើការជះឥទ្ធិពលយ៉ាងរំខានរបស់លោក ត្រាំ ចំពោះកិច្ចការអន្តរជាតិ ចាប់តាំងពីរូបលោក បានត្រឡប់មកកាន់​អំណាចសាជាថ្មីនៅសេតវិមាន។

គួរបញ្ជាក់ថា មួយថ្ងៃបន្ទាប់ពីសុន្ទរកថារបស់លោកនាយករដ្ឋមន្រ្តីកាណាដា លោក ត្រាំ ក៏បានរិះគន់លោក Carney វិញ អំឡុងសុន្ទរកថារបស់លោក នៅវេទិកា WEF ផងដែរ។ លោក ត្រាំ បាននិយាយថា លោក Carney ហាក់មិនដឹងគុណសោះ ហើយលោកប្រធានាធិបតីអាមេរិក បានអះអាងថា កាណាដាគឺរស់ដោយសារសហរដ្ឋអាមេរិក ហើយបានប្រាប់ឱ្យលោក Carney ចងចាំរឿងនេះ មុននិយាយស្តីអ្វីមួយនៅពេលក្រោយ៕