កូរ៉េខាងត្បូង ធ្វើមាតុភូមិនិវត្តន៍ជនសង្ស័យពាក់ព័ន្ធអំពើឆបោកអនឡាញ សរុប៧៣នាក់ ពីប្រទេសកម្ពុជា (Video inside)

23-01-2026 13:26

(សេអ៊ូល)៖ មន្រ្តីកូរ៉េខាងត្បូងបានឱ្យដឹងថា កូរ៉េខាងត្បូងបានធ្វើមាតុភូមិនិវត្តន៍មនុស្ស៧៣នាក់ សង្ស័យពាក់ព័ន្ធក្នុងប្រតិបត្តិការឆបោកអនឡាញ នៅប្រទេសកម្ពុជា ហើយនឹងសួរចម្លើយអ្នកទាំងអស់នោះ ជុំវិញការចោទប្រកាន់ថា ពួកគេបានបោកប្រាស់លុយសរុប៣៣លានដុល្លារ ពីប្រជាជនកូរ៉េខាងត្បូងលើស៨០០នាក់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦។

ចំនួនជនសង្ស័យខាងលើ ដែលត្រូវបានធ្វើមាតុភូមិនិវត្តន៍ គឺច្រើនជាងគេគិតត្រឹមពេលនេះ។ មន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយថា ប្រទេសកូរ៉េខាងត្បូង នឹងបន្តធ្វើកិច្ចសហការជាមួយកម្ពុជា រហូតទាល់តែឧក្រិដ្ឋកម្មឆបោកឆ្លងដែន ត្រូវបានលុបបំបាត់។ បើតាមអ្នកនាំពាក្យការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ការធ្វើមាតុភូមិនិវត្តន៍នេះ គឺបន្ទាប់ពីមានការស៉ើបអង្កេតរួមគ្នា ដោយប្រទេសទាំងពីរ។

ក្រុមអ្នកស៉ើបអង្កេតបានរកឃើញ ទីតាំងប្រតិបត្តិការឆបោក៧កន្លែង ហើយក្រុមជនសង្ស័យ ត្រូវបានចោទប្រកាន់ថា ឆបោកពលរដ្ឋកូរ៉េខាងត្បូងសរុប៨៦៩នាក់ យកបានលុយសរុបចំនួន ៤៩ពាន់លានវ៉ុន ឬស្មើនឹង៣៣លានដុល្លារអាមេរិក តាមអនឡាញ។

គួរបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ២០២៥ ជនជាតិកូរ៉េខាងត្បូងចំនួន៦៤នាក់ ត្រូវបាននាំខ្លួនត្រឡប់មកប្រទេសដើមវិញ ក្រោមការសង្ស័យពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកអនឡាញ ក្រោយផ្ទុះករណីឃាតកម្មលើនិស្សិតកូរ៉េម្នាក់ ដែលត្រូវបានគេធ្វើទារុណកម្ម នៅប្រទេសកម្ពុជា កាលពីខែសីហា ក្នុងសំណុំរឿងមួយទាក់ទងអំពើឆបោកផ្តល់ការងារក្លែងក្លាយ៕