BREAKING: បក្សកុម្មុយនីស្តវៀតណាម បោះឆ្នោតជ្រើសរើសឱ្យលោក To Lam បន្តធ្វើជាអគ្គលេខាធិការរយៈពេល៥ឆ្នាំទៀត (Video inside)
23-01-2026 13:52
(ហាណូយ)៖ នាថ្ងៃសុក្រនេះ គណៈកម្មាធិការមជ្ឈិមនៃគណបក្សកុម្មុយនីស្តរបស់ប្រទេសវៀតណាម បានសម្រេចបោះឆ្នោតជ្រើសរើស ឱ្យលោក To Lam បន្តកាន់តំណែងជាអគ្គលេខាធិការបក្សសម្រាប់រយៈពេល៥ឆ្នាំទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦។
ការបោះឆ្នោតជ្រើសរើសអគ្គលេខាធិការបក្សនេះ ធ្វើឡើងនៅថ្ងៃចុងក្រោយនៃសមាជ៥ឆ្នាំម្តងរបស់បក្សកុម្មុយនីស្តវៀតណាម ដែលមានគោលដៅរើសមេដឹកនាំ ក៏ដូចជាកំណត់អាទិភាពចម្បងៗ សម្រាប់រយៈពេល៥ឆ្នាំបន្ទាប់។ លោក To Lam ត្រូវបានជ្រើសរើសជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម កាលពីខែសីហា ឆ្នាំ២០២៤ ដើម្បីជំនួសអតីតអគ្គលេខាធិការ លោក Nguyen Phu Trong ដែលបានទទួលមរណភាព ក្នុងខែកក្កដា ឆ្នាំដដែល។
គួរបញ្ជាក់ថា ក្រោយសមាជបក្សខាងលើបិទបញ្ចប់ ការបោះឆ្នោតសភានឹងប្រព្រឹត្តទៅនៅខែមីនា ឆ្នាំនេះ ហើយសភាថ្មីនោះ នឹងបើកសម័យប្រជុំនៅខែមេសា ដើម្បីតែងតាំងលោក Lam ជាផ្លូវការ៕




