លោក ស៉ី ជីនពីង ទទូចឱ្យប្រធានាធិបតីប្រេស៉ីល រួមគ្នាការពារតួនាទីស្នូលរបស់អង្គការសហប្រជាជាតិ និងផលប្រយោជន៍របស់ក្រុមប្រទេស Global South (Video inside)

23-01-2026 14:17

(ប៉េកាំង)៖ នាថ្ងៃសុក្រនេះ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានប្រាប់ទៅកាន់សមភាគីប្រេស៉ីលរបស់លោកថា ចិននិងប្រេស៉ីល គួរតែរួមគ្នាការពារផលប្រយោជន៍រួមនៃក្រុមប្រទេស ដែលគេហៅថា Global South ហើយរួមគ្នារក្សាតួនាទីស្នូលរបស់អង្គការសហប្រជាជាតិ (UN)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦។

ក្នុងកិច្ចសន្ទនាតាមទូរសព្ទ ជាមួយប្រធានាធិបតីប្រេស៉ីល លោក Luiz Inacio Lula da Silva លោក ស៉ី បានគូសបញ្ជាក់ថា ប្រទេសទាំងពីរ គឺជាកម្លាំងស្ថាបនា ក្នុងកិច្ចការពារសុខសន្តិភាពពិភពលោក និងក្នុងការលើកកម្ពស់អភិបាលកិច្ចសកល។ ទន្ទឹមគ្នានោះ លោក ស៉ី បានប្រាប់លោក Lula ថា ចិនមានឆន្ទៈជានិច្ចដើម្បីបន្តធ្វើជាមិត្តនិងដៃគូល្អ សម្រាប់បណ្តាប្រទេសនៅតំបន់អាមេរិកឡាទីន និង Caribbean។

កិច្ចពិភាក្សានាថ្ងៃសុក្រនេះកើតមានឡើង បន្ទាប់ពីយោធាអាមេរិកក្រោមរដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ បានបើកប្រតិបត្តិការដើម្បីចាប់ខ្លួន​ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro យកទៅកាត់ទោសនៅសហរដ្ឋអាមេរិក ក្រោមការចោទប្រកាន់ពាក់ព័ន្ធ​បទល្មើសគ្រឿងញៀន។

គួរបញ្ជាក់ថា សកម្មភាពរបស់សហរដ្ឋអាមេរិក បានធ្វើឱ្យក្រុមប្រទេសជិតខាងនៅតំបន់អាមេរិកឡាទីន និងតំបន់ Caribbean ព្រួយបារម្ភអំពីទង្វើអាចកើតមានឡើងដូចគ្នា នៅលើទឹកដីរបស់ពួកគេ។ UN បានរិះគន់ប្រតិបត្តិការយោធារបស់អាមេរិក ថាជាទង្វើដែលមិនគោរពច្បាប់អន្តរជាតិ និងបង្កើតជាគំរូដ៏គ្រោះថ្នាក់មិនធ្លាប់ ហើយអាចជះផលវិបាកចំពោះតំបន់ទាំងមូល៕