ស្នាមជាំលើប្រអប់ដៃ លោក ត្រាំ នាំឱ្យមានការចាប់អារម្មណ៍សាជាថ្មី ខណៈដែលលោកទទួលស្គាល់ថា មានបញ្ហាសុខភាពតិចតួច (Video inside)
23-01-2026 15:08
(វ៉ាស៉ីនតោន)៖ ស្នាមជាំលើប្រអប់ដៃលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននាំឱ្យមានការវែកញែកសាជាថ្មី អំឡុងពេលដែលលោកបង្ហាញខ្លួន នៅឯវេទិការសេដ្ឋពិភពលោក ក្នុងទីក្រុងដាវ៉ូស ប្រទេសស្វីស កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា ឆ្នាំ ២០២៦។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក ត្រាំ អាយុ ៧៩ ឆ្នាំ បានច្រានពាក្យចរចាមអារ៉ាមថ្មីអំពីបញ្ហាសុខភាព ដោយនិយាយថា លោកគ្រាន់តែជួបបញ្ហាសុខភាពតិចតួចប៉ុណ្ណោះ។ តាំងពីត្រឡប់មកដឹកនាំសេតវិមានវិញ នាខែមករា ឆ្នាំមុន គេឃើញមានស្នាមជាំលើដៃស្តាំរបស់លោក ត្រាំ ហើយលោកតែងតែបិទបាំងវាដោយបង់រុំ និងលាបម្សៅពីលើ។
សេតវិមាន បានឱ្យដឹងថា វាគឺដោយសារតែការចាប់ដៃញឹកញាប់ និងថ្នាំអាស្ពីរីនដែលលោក ត្រូវលេបសម្រាប់ថែទាំសរសៃឈាមបេះដូង ដែលអាចនាំឱ្យងាយនឹងកើតស្នាមជាំ។ យ៉ាងនេះក្តី រូបថតកាលពីថ្ងៃព្រហស្បតិ៍ បង្ហាញថាស្នាមជាំខ្មៅៗលើប្រអប់ដៃលោក ត្រាំ គឺនៅលើដៃឆ្វេង។ សេតវិមាន បានលើពីហេតុផលដូចមុន មកពន្យល់សម្រាប់រូបភាពថ្មីនេះ។
គួរបញ្ជាក់ថា ការសង្ស័យអំពីបញ្ហាសុខភាពរបស់ លោក ត្រាំ កាន់តែរាលដាលដោយសារតែអាយុរបស់លោក។ គេធ្លាប់បានឃើញមានស្នាមជាំ ហើមជើង ឬពេលខ្លះងងុយគេងអំឡុងព្រឹត្តិការណ៍សាធារណៈ៕







