អនុរដ្ឋមន្រ្តីការពារជាតិអាមេរិក គ្រោងបំពេញទស្សនកិច្ចនៅជប៉ុន និងកូរ៉េខាងត្បូង (Video inside)

23-01-2026 17:06

(សេអ៊ូល)៖ ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង បានរាយការណ៍ នាថ្ងៃសុក្រ ទី២៣ ខែមករាថា អនុរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Elbridge Colby ដែលទទួលបន្ទុកខាងផ្នែកគោលនយោបាយ នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃអាទិត្យនេះ រហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ ហើយក៏នឹងមានការពិភាក្សាអំពីសម្ព័ន្ធភាពយោធាផងដែរ មុនពេលលោកបន្តដំណើរទៅកាន់ប្រទេសជប៉ុន។

Yonhap បានដកស្រង់ប្រភពមួយ តែមិនបញ្ចេញឈ្មោះមួយថា កិច្ចពិភាក្សារវាងលោក Colby ជាមួយក្រុមមន្ត្រីកូរ៉េខាងត្បូង ទំនងជាទៅលើបញ្ហាបង្កើនការចំណាយផ្នែកការពារជាតិរបស់ទីក្រុងសេអ៊ូល និងការធ្វើទំនើបកម្មសម្ព័ន្ធភាពយោធា នៃប្រទេសទាំងពីរ។

លោក Colby គឺជាមន្រ្តីកំពូលរបស់មន្ទីរបញ្ចកោណ ខាងរៀបចំគោលនយោបាយការពារជាតិ និងការបរទេស ដែលដឹកនាំការអនុវត្តយុទ្ធសាស្ត្រ ក្នុងវិស័យការពារជាតិអាមេរិក។ លោកក៏​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​លើក​ឡើង​ពីសារសំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​ត្រីភាគី​ រវាងកូរ៉េ​ខាង​ត្បូង សហរដ្ឋអាមេរិក និងជប៉ុនផងដែរ ព្រមទាំង​ពន្យល់​អំពី​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ ដែលអាមេរិកទើប​​ចេញ​ផ្សាយ​កាល​ពី​ខែ​មុន៕