លោក ស៊ី ជីនពីង សាទរលោក តូ ឡឹម ដែលជាប់ឆ្នោតជាថ្មី និងសរសើរ «អនាគតរួមគ្នា» រវាងចិន-វៀតណាម (Video inside)
23-01-2026 18:48
(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានផ្ញើសារអបអរសាទរដល់លោក តូ ឡឹម (To Lam) នៅថ្ងៃសុក្រនេះ បន្ទាប់ពីលោកត្រូវបានបោះឆ្នោតជ្រើសរើសសារជាថ្មីជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួ។
នៅក្នុងសារលិខិត លោក ស៊ី បានលើកឡើងថា វៀតណាមសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការកសាងសង្គមនិយម និងកំណែទម្រង់។ ទន្ទឹមគ្នានេះ លោកបានសង្កត់ធ្ងន់ថា «ចិន និងវៀតណាម គឺជាអ្នកជិតខាងសង្គមនិយមដ៏ល្អ និងជាសហគមន៍មានអនាគតរួមគ្នាដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ»។ លោក ស៊ី ក៏បានបង្ហាញឆន្ទៈក្នុងការធ្វើការជាមួយលោក តូ ឡឹម ដើម្បីពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រ និងជំរុញបុព្វហេតុសង្គមនិយមផងដែរ។
គួរបញ្ជាក់ថា លោក តូ ឡឹម ត្រូវបានជ្រើសរើសជាឯកច្ឆន្ទដោយគណៈកម្មាធិការកណ្តាលបក្ស សម្រាប់អាណត្តិជាអគ្គលេខាធិការបក្សវៀតណាម ៥ឆ្នាំទៅមុខទៀត។ ទោះបីជាប្រទេសជិតខាងទាំងពីរមានប្រវត្តិសាស្ត្រនៃជម្លោះដែនដីនៅសមុទ្រចិនខាងត្បូងក៏ដោយ ក៏បក្សកុម្មុយនីស្តទាំងពីរនៅតែរក្សាទំនាក់ទំនងជិតស្និទ្ធ ខណៈចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម៕





