មេដឹកនាំហិរញ្ញវត្ថុពិភពលោកបដិសេធទស្សនៈដែលថា សណ្តាប់ធ្នាប់ពិភពលោកកំពុង «ដួលរលំ» (Video inside)

23-01-2026 19:44

(ដាវ៉ូស)៖ មេដឹកនាំហិរញ្ញវត្ថុពិភពលោកនៅថ្ងៃសុក្រនេះ បានចេញមុខបដិសេធចំពោះការលើកឡើងរបស់នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney) ដែលថា សណ្តាប់ធ្នាប់ពិភពលោកកំពុងបែកបាក់ និងជំនួសដោយការបង្ខិតបង្ខំពីសំណាក់មហាអំណាច។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសុន្ទរកថានៅដាវ៉ូស លោក ខានី បានអះអាងថា សណ្តាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់បានបញ្ចប់ហើយ។ ទោះយ៉ាងណា ប្រធានធនាគារកណ្តាលអឺរ៉ុប លោកស្រី គ្រីស្ទីន ឡាហ្គាដ (Christine Lagarde) បានឆ្លើយតបថា «ខ្ញុំមិនយល់ស្របទាំងស្រុងទេ។ ខ្ញុំមិនប្រាកដថាយើងគួរនិយាយអំពីការបែកបាក់ទេ... យើងគួរតែនិយាយអំពីជម្រើសផ្សេង និងការពង្រឹងភាពធន់របស់យើង»។

ស្របពេលជាមួយគ្នា អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកស្រី Ngozi Okonjo-Iweala ក៏បានយល់ស្របដែរថា ទោះបីជាពិភពលោកនឹងមិនត្រឡប់ទៅរកភាពដើមវិញក៏ដោយ ក៏វានឹងមិនអាក្រក់ពេកដែរ។

ចំណែកឯនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី គ្រីស្តាលីណា ហ្សកជីវ៉ា (Kristalina Georgieva) បានប្រៀបធៀបថា «យើងមិនស្ថិតនៅក្នុងរដ្ឋ Kansas ទៀតទេ» ដែលមានន័យថា ពិភពលោកបានផ្លាស់ប្តូរ ហើយយើងត្រូវតែទទួលយកវា៕