អង់គ្លេសផ្ទុះកំហឹងយ៉ាងខ្លាំង ក្រោយលោក ត្រាំ អះអាងថាទ័ពណាតូ «គេចពីសមរភូមិមុខ» នៅអាហ្វហ្គានីស្ថាន (Video inside)

23-01-2026 21:01

(ឡុងដ៍)៖ រដ្ឋមន្ត្រីចក្រភពអង់គ្លេស បានប្រកាសនៅថ្ងៃសុក្រនេះថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺ «ខុសទាំងស្រុង» ដែលបានអះអាងថា ទាហានណាតូ (NATO) មិនបានចូលរួមប្រយុទ្ធនៅសមរភូមិមុខក្នុងប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News លោក ត្រាំ បាននិយាយថា សម្ព័ន្ធមិត្តបានបញ្ជូនទ័ពទៅអាហ្វហ្គានីស្ថានមែន ប៉ុន្តែពួកគេបាននៅ «ឆ្ងាយពីសមរភូមិមុខបន្តិច»។ លោកក៏បានលើកឡើងដដែលៗថា ណាតូនឹងមិនជួយអាមេរិកទេប្រសិនបើមានការស្នើសុំ។

រដ្ឋមន្ត្រីទទួលបន្ទុកការថែទាំ លោក ស្ទីហ្វិន ឃីនណុក (Stephen Kinnock) បានហៅការអត្ថាធិប្បាយនេះថា «ខុសទាំងស្រុង» និង «គួរឱ្យខកចិត្តយ៉ាងខ្លាំង»។ លោកបន្ថែមថា ទាហានអង់គ្លេស និងសម្ព័ន្ធមិត្តអឺរ៉ុបជាច្រើនទៀតបានលះបង់ជីវិតដើម្បីគាំទ្របេសកកម្មរបស់អាមេរិក។

អ្នកស្រី លូស៊ី អាល់ឌ្រីច (Lucy Aldridge) ដែលកូនប្រុសវ័យ ១៨ឆ្នាំបានស្លាប់នៅអាហ្វហ្គានីស្ថាន បានប្រាប់កាសែត The Mirror ថា សម្តីរបស់លោក ត្រាំ គឺ «គួរឱ្យខកចិត្តបំផុត»។ ចំណែកឯលោកស្រី អេមីលី ថនប៊ឺរី (Emily Thornberry) ប្រធានគណៈកម្មាធិការកិច្ចការបរទេសសភា បានហៅវាថាជា «ការប្រមាថដាច់ខាត» ចំពោះគ្រួសារចំនួន ៤៥៧ ដែលបានបាត់បង់សមាជិក។

គួរបញ្ជាក់ថា យោងតាមតួលេខផ្លូវការ ក្នុងចំណោមទាហានអង់គ្លេស ៤៥៧នាក់ដែលបានស្លាប់នៅអាហ្វហ្គានីស្ថាន មាន ៤០៥នាក់ត្រូវបានសម្លាប់នៅក្នុងសកម្មភាពយោធាប្រយុទ្ធផ្ទាល់៕