មន្រ្តីអ៉ីរ៉ាក់៖​ អាមេរិក គំរាមដាក់ទណ្ឌកម្មលេីចំណូលប្រេងរបស់អ៉ីរ៉ាក់ ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយអ៉ីរ៉ង់ (Video inside)

24-01-2026 09:14

(វ៉ាស៉ីនតោន)៖ មន្រ្តីអ៉ីរ៉ាក់បានប្រាប់ Reuters ថាទីក្រុងវ៉ាស៉ីនតោនបានគំរាមអ្នកនយោបាយជាន់ខ្ពស់អ៉ីរ៉ាក់ ថានឹងដាក់ទណ្ឌកម្មសំដៅទៅលើរដ្ឋតែម្តង រួមទាំងទៅលេីប្រាក់ចំណូលប្រេងដ៏សំខាន់ ប្រសិនបើក្រុមប្រដាប់អាវុធគាំទ្រដោយអ៉ីរង់ត្រូវបានបញ្ចូលឱ្យមានតួនាទីក្នុងជួររដ្ឋាភិបាលអ៉ីរ៉ាក់។ នេះបេីយោងតាមការចេញផ្សាយនាថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ ២០២៦។

នេះជាវិធានការថ្មីនៃយុទ្ធនាការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ក្រុមដែលមានទំនាក់ទំនងជាមួយអ៉ីរ៉ង់នៅក្នុងប្រទេសអ៉ីរ៉ាក់ ដែលជាបញ្ហាខ្ទាស់យូរយារណាស់មកក្នុងសម្ព័ន្ធភាពរវាងអ៉ីរ៉ាក់ និងអាមេរិក។

ការព្រមានត្រូវបានលេីកឡេីងម្តងហើយម្តងទៀត នារយៈពេលពីរខែចុងក្រោយនេះ ដោយភារធារីអាមេរិកនៅទីក្រុងបាកដាដ លោក Joshua Harris នៅក្នុងការសន្ទនាជាមួយមន្ត្រីអ៉ីរ៉ាក់ និងមេដឹកនាំនិកាយស៊ីអ៉ីតដ៏មានឥទ្ធិពលនេះបើយោងតាមមន្ត្រីអ៉ីរ៉ាក់ចំនួន ៣នាក់ និងប្រភពដែលដឹងអំពីបញ្ហានេះ។ ពួកគេបាននិយាយទៀតថា សារនេះត្រូវបានបញ្ជូនទៅកាន់ប្រធានក្រុមមួយចំនួនដែលមានទំនាក់ទំនងជាមួយអ៉ីរ៉ង់តាមរយៈអន្តរការី។

ចាប់តាំងពីចូលកាន់តំណែងឆ្នាំមុន លោក ត្រាំ បានធ្វើសកម្មភាពជាច្រេីនដេីម្បីធ្វើឱ្យរដ្ឋាភិបាលអ៉ីរ៉ង់ចុះខ្សោយរួមទាំងតាមរយៈប្រទេស អ៉ីរ៉ាក់។ មន្ត្រីអាមេរិក និងអ៉ីរ៉ាក់ បាននិយាយថា អ៉ីរ៉ង់ចាត់ទុកប្រទេសអ៉ីរ៉ាក់ថាមានសារៈសំខាន់ សម្រាប់ការរក្សាសេដ្ឋកិច្ចរបស់ខ្លួនឱ្យស្ថិតស្ថេរចំពោះមុខការរងទណ្ឌកម្មលោកខាងលិច ហេីយអ៉ីរ៉ង់បានប្រើប្រាស់ប្រព័ន្ធធនាគាររបស់ទីក្រុងបាកដាដជាយូរមកហើយ ដើម្បីកាត់បន្ថយការរឹតបន្តឹង។

តាមរយៈភាពជាប់ពាក់ព័ន្ធគ្នានេះ រដ្ឋបាលអាមេរិកព្យាយាមរារាំងចរន្តប្រាក់ដុល្លារ ដោយដាក់ទណ្ឌកម្មលើមន្រ្តីធនាគារអ៉ីរ៉ាក់ច្រេីនជាង ១០នាក់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ប៉ុន្តែកន្លងមក​ ទីក្រុងវ៉ាស៉ីនតោនមិនដែលកាត់បន្ថយលំហូរសាច់ប្រាក់ដុល្លារពីប្រាក់ចំណូលប្រេងរបស់អ៉ីរ៉ាក់ ដែលជាប្រទេសផលិតប្រេងកំពូលមួយនៃអង្គការ OPEC នោះទេ។

គួរបញ្ជាក់ថា ចំណូលដែលបានមកពីវិស័យប្រេងរបស់អ៉ីរ៉ាក់ ត្រូវផ្ទេរតាមធនាគារកណ្តាលនៃទីក្រុងញូវយ៉ក ទៅកាន់ធនាគារកណ្តាលប្រទេសអ៉ីរ៉ាក់។ សហរដ្ឋអាមេរិកបានគ្រប់គ្រងផ្ទាល់លើប្រាក់ចំណូលប្រេងអ៉ីរ៉ាក់ ចាប់តាំងពីការឈ្លានពានរបស់ខ្លួនលេីប្រទេសនេះក្នុងឆ្នាំ ២០០៣៕