ចិន បើកការស៊ើបអង្កេតលើមេទ័ពជាន់ខ្ពស់ពីររូប ជុំវិញការបំពានវិន័យធ្ងន់ធ្ងរ (Video inside)

24-01-2026 16:13

(ប៉េកាំង)៖ ប្រទេសចិន បានឱ្យដឹងនាថ្ងៃសៅរ៍ ទី២៤ ខែមករានេះថា អនុប្រធានគណៈកម្មាធិការកណ្តាលយោធាមជ្ឈិមបក្សកុម្មុយនីស​ លោក Zhang Youxia (ចាង យូសៀ) និងសមាជិកជាន់ខ្ពស់លោក Liu Zhenli (លឺ ជិនលី) ត្រូវបានដាក់ឱ្យស្ថិតក្រោមការស៊ើបអង្កេត ជុំវិញការសង្ស័យបំពានវិន័យធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិចិន គូសបញ្ជាក់យ៉ាងដូច្នេះថា «បន្ទាប់ពីត្រួតពិនិត្យ មានការសម្រេចចិត្តចាប់ផ្តើមការស៊ើបអង្កេតលើ លោក Zhang Youxia និង លោក Liu Zhenli»

លោក Zhang អាយុ ៧៤ឆ្នាំ គឺជាមនុស្សជិតស្និទ្ធបំផុតនឹងលោកប្រធានាធិបតី ស៉ី ជីនពីង និងបានកាន់អំណាចយូរមកហើយ នៅក្នុងជួរកងកម្លាំងប្រដាប់អាវុធចិន។ លោក Zhang ជាមន្ត្រីយោធាអាជីព និងជាអតីតយុទ្ធជនសង្គ្រាម។

លោក Zhang ជាអ្នកគ្រប់គ្រងប្រតិបត្តិការយោធាបណ្តុះបណ្តាល និងទិញអាវុធនៅក្នុងកងទ័ពរំដោះប្រជាជន (PLA)។ ទំនាក់ទំនងរបស់លោកជាមួយលោក ស៉ី ត្រូវបានគេរាយការណ៍ថា​ មានភាពជ្រាលជ្រៅ ដោយសារឪពុករបស់អ្នកទាំងពីរគឺជាសមមិត្តបដិវត្តន៍។

ចំណែក Liu អាយុ ៦១ឆ្នាំ​ ក៏ជាសមាជិក នៃគណៈកម្មាធិការកណ្តាលយោធាមជ្ឈិមបក្សកុម្មុយនីសចិនផងដែរ ដោយលោកមានតួនាទីជាប្រធាននាយកដ្ឋានបុគ្គលិករួម ដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យប្រតិបត្តិការរួមគ្នា ការបណ្តុះបណ្តាល និងការត្រៀមខ្លួនប្រយុទ្ធរបស់ PLA៕