អ៊ុយក្រែន រាយការណ៍ពីការវាយប្រហាររបស់រុស្ស៉ីលេីទីក្រុងធំៗ ខណៈក្រុមអ្នកចរចាររួមទាំងអាមេរិក​ ជួបគ្នានៅ​ Abu Dhabi (Video inside)

24-01-2026 16:56

(កៀវ)៖ ក្រុមមន្ត្រីអ៊ុយក្រែន​ បាននិយាយថា រុស្ស៉ីបានវាយប្រហារទីក្រុងធំៗចំនួនពីរ គឺទីក្រុងកៀវ និងទីក្រុង Kharkiv នាព្រលឹមថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់) ដោយមានមនុស្សស្លាប់ម្នាក់ និងយ៉ាងហោចណាស់ ១៥នាក់បានរងរបួស។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ ២០២៦។

អភិបាលក្រុងកៀវ លោក Vitali Klitschko បាននិយាយថា មនុស្សម្នាក់បានស្លាប់​ និង ៤នាក់ទៀតរងរបួស​ ក្នុងនោះមាន ៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ការវាយប្រហាររបស់រុស្ស៉ី បង្កឱ្យមានភ្លើងឆេះក្នុងស្រុកនានា នៅផ្នែកម្ខាងនៃទន្លេ Dnipro ដែលខណ្ឌចែករដ្ឋធានីកៀវ រំខានដល់ការផ្គត់ផ្គង់កម្តៅ និងទឹក។ បេីតាមកងទ័ពអាកាសអ៊ុយក្រែន យន្តហោះដ្រូន និងមីស៉ីលត្រូវបានបាញ់ឆ្ពោះមករដ្ឋធានី។

នៅទីក្រុង Kharkiv ដែលត្រូវបានកំណត់គោលដៅញឹកញាប់ ស្ថិតនៅចម្ងាយ ៣០គីឡូម៉ែត្រពីព្រំដែនរុស្ស៉ី អភិបាលក្រុង លោក Ihor Terekhov បាននិយាយថា ដ្រូន ២៥គ្រឿងបានវាយប្រហារស្រុកជាច្រើន បណ្តាលឱ្យមនុស្ស ១១នាក់រងរបួស។

គួរបញ្ជាក់ថា នេះការវាយប្រហារថ្មីចុងក្រោយបំផុត នៅពេលដែលអ្នកចរចាមកពីអ៊ុយក្រែន រុស្ស៉ី និងសហរដ្ឋអាមេរិក បានបញ្ចប់ការចរចាដំបូងក្នុងរយៈពេលពីរថ្ងៃ នៅក្នុងប្រទេសអេមីរ៉ាត់អារ៉ាប់រួម ក្នុងគោលបំណងស្វែងរកដំណោះស្រាយនៃសង្គ្រាមជិត ៤ឆ្នាំ៕