ប៉ូលិសអន្តោប្រវេសន៍អាមេរិក បាញ់មនុស្សម្នាក់ទៀតស្លាប់នៅទីក្រុង Minneapolis បង្កឱ្យបាតុកម្មកាន់តែតានតឹង

25-01-2026 14:08

(វ៉ាស៉ីនតោន)៖ នាថ្ងៃសៅរ៍ ទី២៤ ខែមករា ក្រុមប៉ូលិសអន្តោប្រវេសន៍អាមេរិក បានបាញ់បុរសម្នាក់បណ្តាលឱ្យស្លាប់ នៅទីក្រុង Minneapolis ដែលជាករណីបាញ់មនុស្សស្លាប់ទី២ហើយ អំឡុងប្រតិបត្តិការធំមិនធ្លាប់មានរបស់រដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ នៅទីក្រុងនោះ ជាហេតុនាំឱ្យការធ្វើបាតុកម្មកាន់តែមានភាពតានតឹង រួមជាមួយការថ្កោលទោសពីមន្រ្តីនៃរដ្ឋ Minnesota។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន CNA។

ការកើតមានករណីខាងលើ គឺមិនដល់៣សប្តាហ៍នោះទេ បន្ទាប់ពីស្រ្តីពលរដ្ឋអាមេរិកម្នាក់ឈ្មោះ Renee Good ត្រូវបានបាញ់ស្លាប់ ដោយប៉ូលិសអន្តោប្រវេសន៍ នៅទីក្រុង Minneapolis ដូចគ្នា។ ដូចទៅនឹងករណីស្លាប់របស់ Good ដែរ គឺមន្រ្តីរដ្ឋាភិបាលសហព័ន្ធ និងមន្រ្តីប្រចាំតំបន់ បានផ្តល់ការអះអាងវាយតម្លៃផ្ទុយគ្នា ជុំវិញករណីបុរសខាងលើ។

ក្រសួងសន្តិសុខអាមេរិក បានអះអាងថា បុរសម្នាក់នោះ បានសំដៅមកមកក្រុមប៉ូលិសអន្តោប្រវេសន៍ ដោយមានកាំភ្លើងក្នុងដៃ ហើយបានរើបម្រះយ៉ាងហិង្សា នៅពេលបង្ខំឱ្យទម្លាក់អាវុធចុះ។ យ៉ាងណាមិញ បើតាមវិដេអូចែកចាយលើបណ្តាញសង្គម ដែលបង្ហាញពីហេតុការណ៍នោះ គឺវាហាក់មិនដូច្នោះទេ ហើយអភិបាលរដ្ឋ Minnesota លោក Tim Walz បានថ្កោលទោស ការបាញ់ប្រហាររបស់ប៉ូលិសអន្តោប្រវេសន៍ដែលជាភ្នាក់ងារសហព័ន្ធ ហើយបានទាមទារឱ្យអាជ្ញាធររបស់រដ្ឋ ដឹកនាំការស៉ើបអង្កេតករណីនេះ។

គួរបញ្ជាក់ថា បាតុកម្មដែលកាន់តែតានតឹងទៅៗ បានផ្តើមឡើង នៅទីក្រុង Minneapolis ចាប់តាំងពីប៉ូលិសអន្តោប្រវេសន៍ ហៅកាត់ថា ICE បានបាញ់សម្លាប់ស្រ្តី Renee Good កាលពីថ្ងៃទី៧ ខែមករា។ ភ្នាក់ងារ ICE រាប់ពាន់នាក់ ត្រូវបានដាក់ពង្រាយ​ទៅកាន់ទីក្រុងនេះ ស្របពេលដែលលោក ត្រាំ ជំរុញយុទ្ធនាការបង្រ្កាប ដើម្បីបណ្តេញជនអន្តោប្រវេសន៍ទាំងឡាយ ដែលបានចូលមក​អាមេរិកដោយខុសច្បាប់។ លោក ត្រាំ ធ្លាប់បានព្រមានថា នឹងបញ្ជូនកងទ័ពតែម្តងទៅកាន់រដ្ឋ Minnesota ដោយប្រើប្រាស់ច្បាប់បង្រ្កាបការបះបោរ និងអំពើហិង្សាក្នុងប្រទេស៕