ព្យុះរដូវរងាដ៏កាចសាហាវវាយប្រហារអាមេរិក ធ្វើឱ្យដាច់ភ្លើងជិត ៧សែនកន្លែង និងលុបចោលជើងហោះហើររាប់ពាន់ (Video inside)
25-01-2026 21:50
(វ៉ាស៊ីនតោន)៖ ព្យុះរដូវរងាដ៏ធំសម្បើមមួយបានវាយប្រហារសហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យនេះ ដោយបណ្តាលឱ្យអតិថិជនជាង ៦៧០,០០០នាក់គ្មានអគ្គិសនីប្រើប្រាស់ និងបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍លុបចោលជើងហោះហើរជិត ១០,០០០ជើង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកព្យាករណ៍បានព្រមានថា ព្រិល ភ្លៀងទឹកកក និងសីតុណ្ហភាពត្រជាក់ខ្លាំង នឹងបោកបក់ពាសពេញតំបន់ភាគខាងកើតនៃប្រទេស។ សេវាឧតុនិយមជាតិបានព្រមានថា ផលប៉ះពាល់អាចមានកម្រិតពី «ការធ្វើឱ្យជាប់គាំង រហូតដល់កម្រិតមហន្តរាយ» នៅតំបន់ភាគអាគ្នេយ៍។
ប្រធានាធិបតី ដូណាល់ ត្រាំ បានអនុម័តការប្រកាសអាសន្នសហព័ន្ធនៅក្នុងរដ្ឋចំនួន ១២ ដោយហៅព្យុះនេះថាជា «ប្រវត្តិសាស្ត្រ»។ រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ លោកស្រី គ្រីស្ទី ណូម បានណែនាំឱ្យប្រជាជនប្រុងប្រយ័ត្ន និងស្តុកទុកប្រេងនិងអាហារ។
ដើម្បីទប់ទល់នឹងការដាច់ចរន្តអគ្គិសនី ក្រសួងថាមពលបានចេញបញ្ជាបន្ទាន់អនុញ្ញាតឱ្យរដ្ឋតិចសាស់ និងតំបន់កណ្តាលអាត្លង់ទិក ប្រើប្រាស់ធនធានថាមពលបម្រុងដោយមិនចាំបាច់ខ្វល់ពីដែនកំណត់បរិស្ថាននោះឡើយ៕






