ការបាញ់ប្រហាររបស់អ៉ីស្រាអែល សម្លាប់មនុស្ស ៣នាក់នៅហ្គាហ្សា ខណៈបេសកជនអាមេរិកជួបលោក នេតាន់យ៉ាហ៊ូ
25-01-2026 22:52
(ហ្គាហ្សា)៖ អាជ្ញាធរសុខាភិបាលក្នុងតំបន់បានរាយការណ៍ថា ការបាញ់ប្រហាររបស់កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៣នាក់ និងធ្វើឱ្យរបួស ៤នាក់ផ្សេងទៀតនៅក្នុងតំបន់ហ្គាហ្សានៅថ្ងៃអាទិត្យនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រុមគ្រូពេទ្យបានបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ២នាក់ត្រូវបានសម្លាប់នៅសង្កាត់ Tuffah ភាគខាងជើងហ្គាហ្សា និងបុរសម្នាក់ទៀតត្រូវបានសម្លាប់នៅក្រុង Khan Younis។ ក្រៅពីនេះ ដ្រូនមួយគ្រឿងបានផ្ទុះនៅទីក្រុងហ្គាហ្សា បណ្តាលឱ្យជនស៊ីវិល ៤នាក់រងរបួស។
ហេតុការណ៍នេះកើតឡើង ត្រឹមតែមួយថ្ងៃក្រោយពេលដែលបេសកជនអាមេរិក លោក ស្ទីវ វីតកុហ្វ និងលោក ចារ៉េដ គូសនឺ បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ។ លោក វីតកុហ្វ បានអះអាងថា កិច្ចពិភាក្សាមានភាព «ស្ថាបនា និងវិជ្ជមាន» ដោយភាគីទាំងពីរមានជំហរដូចគ្នាលើជំហានបន្ទាប់។
យោងតាមក្រសួងសុខាភិបាលហ្គាហ្សា មនុស្សជាង ៧១,០០០នាក់ត្រូវបានសម្លាប់ចាប់តាំងពីសង្គ្រាមផ្ទុះឡើង ហើយយ៉ាងហោចណាស់ ៤៨០នាក់ទៀតត្រូវបានសម្លាប់ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីខែតុលា៕





