នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Takaichi មើលឃើញអត្រាប្រជាប្រិយភាពថយចុះ នៅមុនការបោះឆ្នោតសកល (Video inside)

26-01-2026 14:11

(តូក្យូ)៖ អត្រាប្រជាប្រិយភាពដែលធ្លាប់តែខ្ពស់របស់នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi បានមានការថយចុះ ក្នុងការស្ទង់មតិថ្មីៗ នៅមុនការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅនាដើមខែក្រោយ និងដែលលោកស្រី Takaichi ចាត់ទុកថា ជាការវាយតម្លៃដោយផ្ទាល់ចំពោះការដឹកនាំរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦។

ក្នុងការស្ទង់មតិចេញផ្សាយនាថ្ងៃចន្ទនេះ ដោយកាសែត Nikkei ការគាំទ្រសម្រាប់រដ្ឋាភិបាលលោកស្រី Takaichi បានចុះមក​នៅក្រោម៧០ភាគរយជាលើកដំបូង គិតចាប់តាំងពីលោកស្រី បានក្លាយជានាយករដ្ឋមន្រ្តី កាលពីខែតុលា ឆ្នាំ២០២៥ ដោយថយពី ៧៥ភាគរយ កាលពីក្នុងខែធ្នូ មកនៅ៦៧ភាគរយ។ ការស្ទង់មតិដាច់ដោយឡែករបស់កាសែត Kyodo ក៏បានបង្ហាញដែរថា អត្រាប្រជាប្រិយភាពរបស់លោកស្រី បានថយពី៦៨ភាគរយ មកនៅ៦៣ភាគរយ ខណៈការស្ទង់មតិរបស់កាសែត Mainichi រកឃើញថា វាបានថយចុះ១០ពិន្ទុ មកត្រឹម៥៧ភាគរយ។

គួរបញ្ជាក់ថា តាមរយៈការរៀបចំការបោះឆ្នោតមុនអាណត្តិ ដើម្បីសម្រេចជាថ្មីលើអាសនៈទាំង៤៦៥នៅក្នុងរដ្ឋសភា លោកស្រី Takaichi ចង់ប្រែក្លាយប្រជាប្រិយភាពផ្ទាល់ខ្លួន ឱ្យទៅជាការគាំទ្រសម្រាប់គោលនយោបាយសេដ្ឋកិច្ចធំៗរបស់លោកស្រី និងដើម្បីពង្រឹងក្តោបក្តាប់លើគណបក្សកាន់អំណាច LDP។ បច្ចុប្បន្ន LDP និងគណបក្សជាដៃគូគឺបក្ស Japan Innovation Party (Ishin) គ្រប់គ្រងសំឡេងភាគច្រើននៅរដ្ឋសភា ក្នុងគម្លាតត្រឹម១អាសនៈប៉ុណ្ណោះ៕