បារាំង ចាប់ឃុំខ្លួនកាពីទែននាវាបរទេសម្នាក់ ដោយសង្ស័យដឹកជញ្ជូនប្រេងរុស្ស៉ី គេចវេះពីទណ្ឌកម្មលោកខាងលិច (Video inside)
26-01-2026 14:47
(Marseille)៖ ការិយាល័យរដ្ឋអាជ្ញានៃទីក្រុង Marseille ប្រទេសបារាំង បានប្រកាសថា អ្នកបេីកនាវាដឹកប្រេងដែលស្ទាក់ចាប់ដោយកងទ័ពជើងទឹកបារាំង ត្រូវបានឃុំខ្លួនដេីម្បីស៉េីអង្កេត ជុំវិញបញ្ហាប្រេីប្រាស់ទង់ជាតិក្លែងក្លាយ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ ២០២៦។
នាវាឈ្មោះ Grinch ត្រូវបានរឹបអូសនៅសមុទ្រមេឌីទែរ៉ាណេ កាលពីថ្ងៃព្រហស្បតិ៍បន្ទាប់មកត្រូវបាននាំទៅកាន់ ទីក្រុងកំពង់ផែបារាំង ដោយសង្ស័យថានាវានេះជាក្រុមកងនាវាស្រមោល ដែលរុស្ស៉ីប្រេីប្រាស់សម្រាប់នាំចេញប្រេង គេចវេះពីទណ្ឌកម្ម។
រដ្ឋអាជ្ញាបានលេីកឡេីងក្នុងសេចក្តីថ្លែងការណ៍មួយ ដែលមិននិយាយចំឈ្មោះរុស្ស៉ីថា កាពីទែននាវាអាយុ ៥៨ឆ្នាំ ជនជាតិឥណ្ឌា ត្រូវបានឃុំខ្លួនក្រោមការស៉េីបអង្កេតបឋម។ ដោយឡែក សមាជិកនាវិកផ្សេងទៀត ជាជនជាតិឥណ្ឌាដូចគ្នា ស្ថិតនៅលើនាវានោះដដែល ខណៈក្រុមស៉េីបអង្កេតផ្ទៀងផ្ទាត់សុពលភាពនៃទង់ជាតិ និងឯកសារចេញ-ចូល។
បេីតាមអាជ្ញាធរបារាំង នាវាមួយគ្រឿងនេះបានចាកចេញពីកំពង់ផែ Murmansk របស់រុស្ស៉ីកាលពីដើមខែមករា ដោយដោតទង់ជាតិប្រទេសម៉ារ៉ុក។
គួរបញ្ជាក់ថា សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មទី ១៩ប្រឆាំងនឹងរុស្ស៉ី ប៉ុន្តែទីក្រុងមូស្គូហាក់សម្របខ្លួនបានទៅនឹងវិធានការភាគច្រើន ហើយបន្តលក់ប្រេងរាប់លានបារ៉ែលទៅកាន់ប្រទេសដូចជាឥណ្ឌា និងចិន បានជាធម្មតាដោយបញ្ចុះតម្លៃ៕




