តម្លៃប្រេងហក់ឡើងជិត ១ភាគរយទៀត ដោយសារតែព្យុះព្រិលប៉ះពាល់ដល់ការផលិតនៅអាមេរិក បន្ថែមលើបញ្ហាភូមិសាស្រ្តនយោបាយ (Video inside)

26-01-2026 16:02

(Reuters)៖ តម្លៃប្រេងអន្តរជាតិ នាថ្ងៃចន្ទ ទី២៦ ខែមករា បានបន្តហក់ឡេីង បន្ទាប់ពីកើនជាង២ភាគរយ រួចមកហេីយនៅក្នុងវគ្គមុន ដោយសារតែការរំខានដល់ការផលិតនៅក្នុងតំបន់ផលិតប្រេងឆៅសំខាន់ៗរបស់សហរដ្ឋអាមេរិក បណ្តាលមកពីព្យុះព្រិលរដូវរងា។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រេងឆៅ Brent បានឡេីងថ្លៃ ៤២សេន ឬ ០.៧ភាគរយ គឺ ៦៦.៣០ដុល្លារក្នុងមួយបារ៉ែល នាព្រឹកនេះ។ រីឯប្រេងឆៅអាមេរិក West Texas Intermediate បានឡេីងថ្លៃ ៤២សេន ឬ ០.៧ភាគរយ គឺ ៦១.៤៩ដុល្លារក្នុងមួយបារ៉ែល។ តម្លៃនេះ គឺជាការកើនឡើងបន្តពីសប្តាហ៍មុន ដែលមានចំនួន ២.៧ភាគរយ គិតចាប់តាំងពីថ្ងៃទី១៤ ខែមករា និងជាពេលដែល ក្រុមនាវាផ្ទុកយន្តហោះយោធារបស់សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងទៅដល់មជ្ឈិមបូព៌ា។

លោក ស្រី Priyanka Sachdeva អ្នកវិភាគទីផ្សារជាន់ខ្ពស់នៅក្រុមហ៊ុន Phillip Nova បាននិយាយថា តម្លៃប្រេងកំពុងរីកធំនៅសប្តាហ៍នេះ ដោយសារតែការរំខានក្នុងផលិតកម្មនៅសហរដ្ឋអាមេរិក រួមជាមួយហានិភ័យភូមិសាស្ត្រនយោបាយ និងសញ្ញានៃការផ្គត់ផ្គង់លើសកម្រិតនាឆ្នាំ ២០២៦។

អ្នកវិភាគនៅ JPMorgan បាននិយាយថា ការផលិតប្រេងឆៅប្រហែល ២៥០ ០០០បារ៉ែលក្នុងមួយថ្ងៃ បានបាត់បង់នៅក្នុងសហរដ្ឋអាមេរិក ដោយសារតែអាកាសធាតុអាក្រក់។ ទន្ទឹមនេះបណ្តាពាណិជ្ជករ ក៏មានការប្រុងប្រយ័ត្ន ចំពោះហានិភ័យភូមិសាស្ត្រនយោបាយដែរ ខណៈភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ធ្វើឱ្យអ្នកវិនិយោគថប់បារម្ភ៕