ចិនថាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកាណាដា គ្មានគោលដៅគំរាមកំហែងភាគីទី៣ទេ ក្រោយការព្រមានដំឡើងពន្ធរបស់អាមេរិក (Video inside)

26-01-2026 16:56

(ប៉េកាំង)៖ នាថ្ងៃចន្ទនេះ ចិនបានចេញមុខនិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មបឋមជាមួយប្រទេសកាណាដា មិនមានគោលដៅលើភាគីទី៣ទេ បន្ទាប់ពីសហរដ្ឋអាមេរិក បានគំរាមដំឡើងពន្ធ ១០០ភាគរយលើទំនិញកាណាដា ប្រសិនបើកិច្ចព្រមព្រៀងនោះ ត្រូវបានសម្រេចជាផ្លូវការ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦។

ចិននិងកាណាដា បានប្រកាសពីការឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នា ក្នុងខែមករានេះ ប៉ុន្តែកាលពីចុងសប្តាហ៍កន្លងទៅ សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តយូរអង្វែងមកហើយរបស់កាណាដា បានគំរាមដំឡើងពន្ធ១០០ភាគរយលើផលិតផលទាំងអស់​របស់កាណាដា ប្រសិនបើកិច្ចព្រមព្រៀងនោះត្រូវបានសម្រេចជាផ្លូវការ ដោយចោទថា វានឹងអនុញ្ញាតឱ្យចិនបង្ហូរទំនិញតាមអំពើចិត្ត​ចូលកាណាដា ដែលជារឿងប៉ះពាល់ចំពោះសហរដ្ឋអាមេរិក។

យ៉ាងណាមិញ នាថ្ងៃចន្ទនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មខាងលើ មិនមានគោលដៅចំពោះទីក្រុងវ៉ាស៉ីនតោនឡើយ។ លោក Guo បានលើកឡើងយ៉ាងដូច្នេះថា «ចិននិងកាណាដាបានបង្កើតភាពជាដៃគូយុទ្ធសាស្រ្តបែបថ្មី ហើយវាមិនកំណត់គោលដៅលើភាគីទី៣ណាមួយទេ។ ចិនគាំទ្រឱ្យប្រទេសនានា ធ្វើទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ ដោយប្រកាន់ផ្នត់គំនិតឈ្នះ-ឈ្នះ ជាជាងយកឈ្នះចាញ់គ្នា និងតាមរយៈកិច្ចសហប្រតិបត្តិការ ជំនួសការប្រឈមមុខដាក់គ្នា»

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងបឋមខាងលើ ត្រូវបានប្រកាសអំឡូងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney មកកាន់ទីក្រុងប៉េកាំង កាលពីពាក់កណ្តាលខែនេះ ស្របពេលដែលរូបលោក ព្យាយាមដកឃ្លាចេញពីសហរដ្ឋអាមេរិក ដែលហាក់មានភាពប្រែប្រួលមិនទៀងទាត់ ក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ៕