លោកស្រី Takaichi ថា សម្ព័ន្ធភាពជប៉ុន-អាមេរិកនឹងដួលរលំ ប្រសិនបើទីក្រុងតូក្យូមិនខ្វល់អ្វីសោះ ក្នុងករណីជម្លោះតៃវ៉ាន់ផ្ទុះឡើង (Video inside)

27-01-2026 14:30

(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi កាលពីយប់ថ្ងៃចន្ទ ទី២៦ ខែមករា បាននិយាយថា សម្ព័ន្ធភាពយុទ្ធសាស្រ្ត​របស់ជប៉ុនជាមួយសហរដ្ឋអាមេរិក ច្បាស់ជានឹងដួលរលំមិនខាន ប្រសិនបើទីក្រុងតូក្យូជ្រើសរើសងាកមុខចេញពីជម្លោះនៅតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោកស្រី Takaichi បានបង្ហាញទស្សនៈដូចខាងលើ បន្ទាប់ពីមេដឹកនាំបក្សប្រឆាំង បានរិះគន់លោកស្រី សម្រាប់ការដុតបញ្ឆេះ​ភាពតានតឹងជាមួយចិន ដោយសារតែការអត្ថាធិប្បាយកន្លងមក ជុំវិញបញ្ហាតៃវ៉ាន់។ ទំនាក់ទំនងរវាងជប៉ុននិងចិន បានធ្លាក់ចុះដល់​កម្រិតដ៏អាក្រក់បំផុតមួយ បន្ទាប់ពីលោកស្រី ​Takaichi កាលពីខែវិច្ឆិកា ឆ្នាំមុន បានលើកឡើងថា ក្នុងករណីដែលចិនសម្រេច​បើកការវាយប្រហារលើតៃវ៉ាន់ ជប៉ុនអាចនឹងត្រូវធ្វើការឆ្លើយតបដោយយោធា។ សម្តីនោះបានធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារជាខ្លាំង ហើយបានចាត់វិធានការផ្សេងៗប្រឆាំងលើជប៉ុន។

យ៉ាងណាមិញ ដោយសំដៅលើការអត្ថាធិប្បាយរបស់ខ្លួន កាលពីខែវិច្ឆិកា លោកស្រី Takaichi នាពេលនេះ បាននិយាយថា វាពុំមែនមានន័យថាជប៉ុននឹងចូលរួមធ្វើសង្រ្គាមទេ ក្នុងករណីចិននិងសហរដ្ឋអាមេរិកផ្ទុះជម្លោះប្រដាប់អាវុធ ជុំវិញបញ្ហាតៃវ៉ាន់។ លោកស្រី Takaichi បានបកស្រាយថា បើមានរឿងធ្ងន់ធ្ងរកើតឡើងនៅតៃវ៉ាន់ ជប៉ុននឹងចាំបាច់ត្រូវទៅជួយសង្រ្គោះពលរដ្ឋជប៉ុន និងអាមេរិកនៅទីនោះ ហើយក្នុងស្ថានការណ៍បែបនោះ អាចនឹងមានករណីដែលត្រូវធ្វើសកម្មភាពរួមគ្នា។

លោកស្រីនាយករដ្ឋមន្រ្តីជប៉ុន បានបន្តថា ប្រសិនបើកងកម្លាំងអាមេរិកដែលធ្វើសកម្មភាពរួមគ្នាជាមួយជប៉ុន ស្ថិតក្រោមការវាយប្រហារ ហើយជប៉ុនបែរជាមិនធ្វើអ្វីសោះនិងរត់គេចនោះ សម្ព័ន្ធភាពជប៉ុន-អាមេរិកនឹងដួលរលំ។ ដូច្នេះហើយ ជប៉ុននឹងធ្វើការឆ្លើយតប ស្របទៅតាមដែនកំណត់នៃច្បាប់របស់ខ្លួន ហើយទន្ទឹមគ្នានោះ នឹងធ្វើការវិនិច្ឆ័យគ្រប់ជ្រុងជ្រោយ ដោយផ្អែកលើអ្វីដែលកើតឡើងជាក់ស្តែង។

គួរបញ្ជាក់ថា ទោះជាបែបនេះក្តី លោកស្រី Takaichi មិនបានដកសម្តីរបស់លោកស្រី ដែលធ្វើឡើងកាលពីខែវិច្ឆិកា វិញនោះទេ ហើយបាននិយាយថា ការវាយតម្លៃរបស់ចិន ចំពោះការអត្ថាធិប្បាយរបស់លោកស្រី គឺផ្ទុយពីការពិត។ រដ្ឋធម្មនុញ្ញសន្តិភាពនិយម​របស់ប្រទេសជប៉ុន ហាមឃាត់ការធ្វើសកម្មភាពយោធាផ្ទាល់ ប៉ុន្តែអនុញ្ញាតឱ្យជប៉ុនអនុវត្តសិទ្ធិស្វ័យការពាររួម ដែលមានន័យថា ក្នុងករណីការពារសហរដ្ឋអាមេរិក ឬប្រទេសជាមិត្តដទៃទៀត ដែលរងការវាយប្រហារ ក្រោមស្ថានភាពមួយ ដែលជប៉ុនប្រឈមការគំរាមកំហែង ចំពោះ​អាយុជីវិតនៃប្រទេសរបស់ខ្លួន៕