លោក ស៉ី ជីនពីង៖ ចិននឹងព្យាយាមរក្សាការពារសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើអង្គការសហប្រជាជាតិ (Video inside)

27-01-2026 15:12

(ប៉េកាំង)៖ នាថ្ងៃអង្គារ ទី២៧ ខែមករា ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បាននិយាយថា ចិននឹងព្យាយាមរក្សាការពារ​សណ្តាប់ធ្នាប់ពិភពលោក ដែលផ្អែកលើអង្គការសហប្រជាជាតិ (UN) អំឡុងជំនួបជាមួយនាយករដ្ឋមន្រ្តីហ្វាំងឡង់ លោក Petteri Orpo នៅទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ការលើកឡើងរបស់លោក ស៉ី គឺបន្ទាប់ពីលោក ដូណាល់ ត្រាំ កាលពីសប្តាហ៍មុន បានបង្កើតក្រុមប្រឹក្សាសន្តិភាព ដែលបានបង្កឱ្យ​មានក្តីបារម្ភថា លោកប្រធានាធិបតីអាមេរិក មានបំណងចង់កសាងស្ថាប័នដាច់ដោយឡែកមួយ ដើម្បីប្រជែងនឹង UN។ លោក ស៉ី បានប្រាប់ លោក Orpi ថា ចិនមានឆន្ទៈធ្វើការជាមួយហ្វាំងឡង់ ដើម្បីរក្សាការពារឱ្យបានរឹងមាំ នូវប្រព័ន្ធអន្តរជាតិដែលប្រកាន់យក ​UN ជាស្នូល។

គួរបញ្ជាក់ថា ចិនស្ថិតក្នុងចំណោមប្រទេសប្រហែល៦០ ដែលត្រូវបានលោក ត្រាំ អញ្ជើញឱ្យចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព ឬ Board of Peace ប៉ុន្តែទីក្រុងប៉េកាំងមិនបានប្រកាសថា ខ្លួននឹងចូលរួមឬបដិសេធនោះទេ។ យ៉ាងណាមិញ ចាប់តាំងពីពេលនោះ លោកប្រធានាធិបតីចិន បានសង្កត់ធ្ងន់ម្តងហើយម្តងទៀត អំពីសារសំខាន់នៃសណ្តាប់ធ្នាប់អន្តរជាតិ ដែលមាន UN ជាមូលដ្ឋាន៕