Reuters៖ រុស្ស៉ីដកកម្លាំងឈរជើង ចេញពីភាគឦសានប្រទេសស៉ីរី (Video inside)

27-01-2026 16:11

(Qamishli, ស៉ីរី)៖ ប្រភពចំនួន ៥ក្នុងប្រទេសស៉ីរី បាននិយាយថា រុស្ស៉ី កំពុងដកកម្លាំងឈរជើងនៅអាកាយានដ្ឋានមួយ នៃភាគឦសានស៉ីរី ដែលជាការឈានទៅបញ្ចប់វត្តមានទាំងស្រុងរបស់ខ្លួន នៅជ្រុង​ម្ខាង​នៃ​ប្រទេស​ដែល​រដ្ឋាភិបាល​ក្រុង​ដាម៉ាស​ កំពុង​ព្យាយាម​ដណ្តើម​គ្រប់គ្រង​ពី​កងកម្លាំង​ឃើដ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ ២០២៦។

ប្រភពដដែល​និយាយ​ថា កង​ទ័ពរុស្ស៉ី​ចាប់​ផ្តើមដកថយ​​បន្តិច​ម្តងៗ​ពី​ព្រលាន​យន្តហោះ Qamishli កាល​ពី​សប្តាហ៍​មុន ដោយមួយចំនួនត្រូវបានគេរំពឹងថា នឹងផ្លាស់ទៅកាន់មូលដ្ឋានទ័ពអាកាស Hmeimim របស់រុស្ស៉ីនៅភាគខាងលិចស៉ីរី តែអ្នកខ្លះទៀតថានឹងត្រឡប់ទៅរុស្ស៉ីវិញ។

ជុំវិញការលើកឡើងនេះ ក្រសួងការពារជាតិរុស្ស៉ី នៅមិនទាន់មានការបកស្រាយទេ។ តាមកាសែតរុស្ស៉ី Kommersant កាលពីសប្តាហ៍មុន ថារដ្ឋាភិបាលស៉ីរីបច្ចុប្បន្ន ប្រហែលជាស្នើឱ្យកងកម្លាំងរុស្ស៉ី ចាកចេញពីមូលដ្ឋាននោះ នៅពេលដែលខ្លួនបានបណ្តេញកងកម្លាំងឃើដ ចេញពីទីនោះហើយ ពីព្រោះគ្មានអ្វីសម្រាប់ឱ្យរុស្ស៉ីធ្វើទៀតទេ។

គួរបញ្ជាក់ថា រុស្ស៉ី បានឈរជើងនៅអាកាសយានដ្ឋាន Qamishli ភាគឦសានចាប់តាំងពីឆ្នាំ ២០១៩មកម្ល៉េះ ដែលជាការដាក់ពង្រាយកងទ័ពតិចតួច បើប្រៀបធៀបទៅនឹងមូលដ្ឋានទ័ពអាកាស និងទ័ពជើងទឹក នៅលើឆ្នេរសមុទ្រមេឌីទែរ៉ាណេរបស់ស៉ីរី។ ប៉ុន្តែពីគេមិនធ្លាប់គិតថានឹងមានការដកកម្លាំង ចេញពីកន្លែងណាមួយក្នុងចំណោម មូលដ្ឋានទាំងពីរនេះឡើយ៕