អ៉ីស្រាអែល ស្វែងរកកិច្ចព្រមព្រៀងសន្តិសុខ ១០ឆ្នាំ ជាមួយសហរដ្ឋអាមេរិក (Video inside)

27-01-2026 16:40

(ហ៊្សេរុយសាឡិម)៖ អ៉ីស្រាអែល កំពុងរៀបចំការពិភាក្សាជាមួយរដ្ឋបាលលោក ត្រាំ អំពីកិច្ចព្រមព្រៀងសន្តិសុខថ្មីមួយ ដែលមានរយៈពេល ១០ឆ្នាំជាមួយសហរដ្ឋអាមេរិក ដើម្បីទទួលបានការបន្តគាំទ្រផ្នែកយោធា ទោះបីជាក្រុមថ្នាក់ដឹកនាំនៅអ៉ីស្រាអែល លើកឡើងពីការរៀបចំផែនការអនាគត ដោយចង់កាត់បន្ថយការពឹងផ្អែកលើជំនួយឥតសំណងពីអាមេរិកក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយកាសែតអាមេរិក Financial Times នាថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ ២០២៦។

លោក Gil Pinchas បានប្រាប់ Financial Times មុនពេលចុះចេញពីតំណែងប្រធានទីប្រឹក្សាហិរញ្ញវត្ថុនៃក្រសួងយោធា និងការពារជាតិអ៉ីស្រាអែល ថាអ៉ីស្រាអែលនឹងស្វែងរកអាទិភាពលើគម្រោងយោធា និងការពារជាតិរួមគ្នា ជាជំនួយឥតសំណង នៅក្នុងកិច្ចពិភាក្សានាប៉ុន្មានសប្តាហ៍ខាងមុខ។ លោក Pinchas គូសបញ្ជាក់ថា «ភាពជាដៃគូគឺសំខាន់ជាងបញ្ហាហិរញ្ញវត្ថុតែមួយមុខ នៅក្នុងបរិបទនេះ។ ជំនួយឥតសំណងចំនួន ៣.៣ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលអ៉ីស្រាអែលអាចប្រើដើម្បីទិញអាវុធអាមេរិក គឺជាធាតុផ្សំមួយនៃ MOU»

គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០១៦ រដ្ឋាភិបាលអាមេរិក និងរដ្ឋាភិបាលអ៉ីស្រាអែល បានចុះអនុស្សារណៈនៃការយោគយល់គ្នា រយៈពេល ១០ឆ្នាំ ដែលនឹងបន្តរហូតដល់ឆ្នាំ ២០២៨ ដោយផ្តល់កញ្ចប់ជំនួយយោធាចំនួន ៣៨ពាន់លានដុល្លារ ក្នុងនោះ ៣៣ពាន់លានដុល្លារជាជំនួយឥតសំណង ដើម្បីទិញសម្ភារយោធា និង ៥ពាន់លានដុល្លារសម្រាប់ទិញប្រព័ន្ធការពារមីស៉ីល៕