កម្មវិធីប្ដូរផលិតផលចាស់យកផលិតផលថ្មីរបស់ប្រទេសចិន ជំរុញការប្រើប្រាស់ក្នុងស្រុកនិងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់
27-01-2026 16:57
(ប៉េកាំង)៖ ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹង ការកើនឡើងនៃភាពមិនច្បាស់លាស់ កំណើនយឺត និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ប្រទេសចិននៅតែបន្តខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងសម្រេចឱ្យបាននូវគោលដៅសតវត្សរ៍ទីពីរ ក្លាយទៅជាប្រទេសសង្គមនិយមទំនើប និងខ្លាំងក្លាលើគ្រប់វិស័យនៅឆ្នាំ ២០៤៩។
ឈរលើស្មារតីនៃផែនការប្រាំឆ្នាំលើកទី១៥ (២០២៦-២០៣០) រដ្ឋាភិបាលចិននឹងផ្តល់សារៈសំខាន់ខ្ពស់ ចំពោះការពង្រឹងការប្រើប្រាស់ក្នុងស្រុក ឱ្យក្លាយទៅជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើន និងជាខែលការពារទប់ទល់នឹង ការគំរាមកំហែងពីមជ្ឈដ្ឋានខាងក្រៅ។ ក្នុងចំណោមវិធានការសំខាន់ៗ កម្មវិធីប្ដូរផលិតផលចាស់យកផលិតផលថ្មី ដែលទទួលបានការឧបត្ថម្ភធនពីរដ្ឋាភិបាល បានក្លាយជាគោលនយោបាយជាក់ស្តែងមួយ ក្នុងការជំរុញការប្រើប្រាស់ ប្រកបដោយគុណភាព និងចីរភាព។
នៅដើមឆ្នាំ ២០២៦ ការអនុវត្តកម្មវិធីនេះបានបង្ហាញពីសន្ទុះវិជ្ជមានគួរឱ្យកត់សម្គាល់។ ត្រឹមតែរយៈពេលប៉ុន្មាននាទី នៃការចាប់ផ្តើមកម្មវិធីខាងលើនៅថ្ងៃចូលឆ្នាំថ្មី ឆ្នាំសកល២០២៦ អ្នកប្រើប្រាស់ក្នុងទីក្រុងធំៗដូចជាប៉េកាំង និងសៀងហៃជាដើម បានបង្ហាញការឆ្លើយតបយ៉ាងសកម្មតាមរយៈការបញ្ជាទិញផលិតផលដែលទទួលបានការបញ្ចុះតម្លៃ និងការឧបត្ថម្ភធន ពីរដ្ឋាភិបាល។ ហាងទំនិញលក់រាយមួយចំនួនបានរាយការណ៍ថា ទំហំប្រតិបត្តិការនៃការលក់របស់ខ្លួននៅទូទាំងប្រទេស មានការកើនឡើងប្រមាណ ១១០ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។
សន្ទុះនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីតម្រូវការរបស់អតិថិជន និងការកើនឡើងនៃទំនុកចិត្តអ្នកប្រើប្រាស់ ចំពោះគោលនយោបាយជំរុញតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីនិន្នាការនៃការប្រើប្រាស់ ឆ្ពោះទៅរកផលិតផលដែលមានគុណភាពខ្ពស់ នវានវុត្តន៍ និងភាពស៊ីវីល័យផងដែរ។ សម្រាប់ប្រទេសចិន កម្មវិធីប្ដូរផលិតផលចាស់យកផលិតផលថ្មី បានក្លាយជាឧបករណ៍មួយដ៏សំខាន់មួយ ក្នុងការលើកកម្ពស់ការប្រើប្រាស់ ប្រកបដោយភាពធន់ និងចីរភាព។
យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចិន នៅឆ្នាំ២០២៤-២០២៥ កម្មវិធីនេះបានលើកទឹកចិត្តដល់ប្រជាជនចិនឱ្យយករថយន្ត ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងអេឡិចត្រូនិចចាស់ៗ មកប្តូរយកម៉ូដែលទំនើប និងសន្សំសំចៃថាមពលជាងមុន។ ការអនុវត្តកម្មវិធីនេះ បានជំរុញការលក់សរុបជាទឹកប្រាក់ប្រមាណ ៣,៩២ ទ្រីលានយ័ន ហើយបានក្លាយជាកត្តាលីករដ៏សំខាន់ ក្នុងការលើកកម្ពស់តម្រូវការក្នុងស្រុក និងកំណើនប្រកបដោយចីរភាព។
ទោះបីខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកលនៅផុយស្រួយ ហើយភាពមិនប្រាកដប្រជាពីខាងក្រៅនៅតែបន្តអូសបន្លាយ ការប្រើប្រាស់ក្នុងស្រុក របស់ប្រទេសចិននៅតែមានស្ថិរភាព ហើយបានរួមចំណែកជាវិជ្ជមានដល់ការងើបឡើងនៃសេដ្ឋកិច្ចសកល។ ក្នុងរយៈពេលបីត្រីមាសដំបូង នៃឆ្នាំ២០២៥ ការចំណាយលើការប្រើប្រាស់ចុងក្រោយបានរួមចំណែក ៥៣,៥% ដល់កំណើនសេដ្ឋកិច្ចចិន។ ក្នុងនាមជាសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ប្រទេសចិនបានរួមចំណែកប្រមាណ ៣០% ដល់សេដ្ឋកិច្ចសកល។
ការចាប់ផ្តើមឆ្នាំ២០២៦ ជាមួយនឹងសន្ទុះ និងភាពធន់នៃការប្រើប្រាស់ក្នុងស្រុក នឹងត្រួយត្រាយផ្លូវឱ្យចិនអាចធ្វើដំណើរឆ្ពោះទៅរក ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដោយទំនុកចិត្ត និងដើរតួនាទីកាន់តែសំខាន់ក្នុងការពង្រឹងស្ថិរភាពសេដ្ឋកិច្ចសកល។ ជាមួយនឹងការខិតជិតមកដល់នៃបុណ្យចូលឆ្នាំចិន តម្រូវការក្នុងស្រុកចិននឹងឈានដល់កម្រិតខ្ពស់មួយថែមទៀត ហើយនឹងចាក់បញ្ចូលនូវសន្ទុះថ្មី សម្រាប់តម្រូវការក្នុងស្រុក និងអន្តរជាតិ។
សរុបមកវិញ កម្មវិធីប្ដូរផលិតផលចាស់យកផលិតផលថ្មី មិនត្រឹមតែនាំមកនូវសន្ទុះ និងភាពធន់នៃការប្រើប្រាស់ក្នុងស្រុករបស់ចិនទេ តែក៏នាំមកនូវនវានុវត្តន៍ ភាពស៊ីវីល័យ និងវឌ្ឍនភាពដល់ប្រជាជន និងប្រទេសចិនផងដែរ។ ភាពរឹងមាំនៃសេដ្ឋកិច្ចចិន នឹងបន្តរួមចំណែកដល់សិ្ថរភាព និងភាពធន់នៃសេដ្ឋកិច្ចសកល ក្នុងបរិបទនៃការកើនឡើងនូវភាពមិនច្បាស់លាស់សកល៕
ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា




