នាយករដ្ឋមន្ត្រីអង់គ្លេសទៅបំពេញទស្សនកិច្ចនៅចិន ដើម្បីស្តារទំនាក់ទំនង ខណៈតានតឹងជាមួយអាមេរិក (Video inside)
27-01-2026 18:34
(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក ខៀរ ស្តារមឺរ (Keir Starmer) នឹងធ្វើដំណើរទៅកាន់ប្រទេសចិននៅថ្ងៃអង្គារនេះ ដែលជាទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំអង់គ្លេសក្នុងរយៈពេល ៨ឆ្នាំ ក្នុងគោលបំណងស្តារទំនាក់ទំនង និងកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិកដែលកាន់តែមិនអាចទាយទុកជាមុនបាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនេះ ធ្វើឡើងចំពេលមានភាពតានតឹងរវាងអង់គ្លេស និងសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ខ្លួនគឺសហរដ្ឋអាមេរិក ជុំវិញការគំរាមកំហែងរបស់លោក ដូណាល់ ត្រាំ ក្នុងការកាន់កាប់កោះហ្គ្រីនឡែន។ លោក ស្តារមឺរ នឹងត្រូវបានអមដំណើរដោយនាយកប្រតិបត្តិក្រុមហ៊ុនជាច្រើនរូប ដើម្បីជួបថ្នាក់ដឹកនាំចិននៅប៉េកាំង និងសៀងហៃ។
អ្នកវិភាគបានលើកឡើងថា ស្ថានភាពបច្ចុប្បន្នគឺជារឿងចម្លែកមួយដែលទីក្រុងឡុងដ៍ហាក់មានជំហរជិតស្និទ្ធជាមួយប៉េកាំងជាងវ៉ាស៊ីនតោនលើបញ្ហាសកលមួយចំនួន។ ចាប់តាំងពីជាប់ឆ្នោតក្នុងឆ្នាំ២០២៤ លោក ស្តារមឺរ បានផ្តល់អាទិភាពលើការស្តារទំនាក់ទំនងជាមួយចិន បន្ទាប់ពីធ្លាក់ចុះដោយសារបញ្ហាហុងកុង និងការចោទប្រកាន់រឿងចារកម្ម។
ទោះបីជាយ៉ាងនេះក្តី អ្នករិះគន់ព្រមានថា អង់គ្លេសទទួលបានផលប្រយោជន៍សេដ្ឋកិច្ចតិចតួចណាស់ពីការព្យាយាមកែលម្អទំនាក់ទំនងនេះ ដោយសារការវិនិយោគផ្ទាល់ពីបរទេសរបស់ចិននៅអង់គ្លេសមានត្រឹមតែ ០.២% ប៉ុណ្ណោះ ខណៈអាមេរិកមានរហូតដល់មួយភាគបី៕




