ចិន ប្រកាសផ្តល់ការគាំទ្រដល់គុយបា បន្ទាប់ពីមានការគំរាមរបស់អាមេរិក (Video inside)
28-01-2026 11:52
(ប៉េកាំង)៖ ចិន កាលពីថ្ងៃអង្គារ ទី២៧ ខែមករា បានសន្យាថានឹងផ្តល់ការគាំទ្រ រួមទាំងជំនួយដល់គុយបា ចំពោះមុខការគំរាមកំហែងពីសំណាក់សហរដ្ឋអាមេរិក ដែលប៉ុន្មានសប្តាហ៍មុនបានចាប់ខ្លួនសម្ព័ន្ធមិត្តរបស់គុយបា គឺមេដឹកនាំវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់គុយបាថាឱ្យធ្វើកិច្ចព្រមព្រៀងមួយ ឬអាចជួបប្រទះរឿងស្រដៀងគ្នានឹងវ៉េណេស៊ុយអេឡា។ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun គូសបញ្ជាក់យ៉ាងដូច្នេះថា «ចិន សូមសម្តែងការព្រួយបារម្ភ និងជំទាស់យ៉ាងខ្លាំង។ យើងសូមអំពាវនាវដល់សហរដ្ឋអាមេរិក ឈប់ធ្វើឱ្យខូចដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយលុបចោលការបិទខ្ទប់ និងទណ្ឌកម្មប្រឆាំងគុយបាជាបន្ទាន់»។ លោកបន្ថែមថា «ចិននឹងបន្តផ្តល់ការគាំទ្រ និងជំនួយដល់គុយបា តាមដែលអាចធ្វើទៅបាន»។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំង និងទីក្រុងឡាហាវ៉ាន គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធយូរមកហើយ ហើយអាជ្ញាធរចិនតែងចេញមុខជំទាស់នឹងអាមេរិក ដែលបិទខ្ទប់សេដ្ឋកិច្ចប្រទេសនេះ អស់រយៈពេលជាច្រើនទសវត្សរ៍៕







